(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសសូមស្វាគមន៍នូវរាល់ភ្នាក់ងារគណបក្សនយោបាយនានា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងរៀបចំឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨។
គ.ជ.ប បានប្រកាសទទួលពាក្យ និងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា និងត្រូវបញ្ចប់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច។
អនុលោមតាមប្រការ ៣.១.៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងមណ្ឌលបោះឆ្នោតរាជធានី-ខេត្តណាមួយ មានសិទ្ធិចាត់ តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន១រូប និងភ្នាក់ងារបម្រុង១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ក្នុងឃុំ-សង្កាត់។
គំរូពាក្យសុំចុះឈ្មោះសម្រាប់ ភ្នាក់ងារគណបក្សនយោបាយផ្តល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកទម្រង់បែបបទរបស់ខ្លួន ពីគេហទំព័ររបស់ គ.ជ.ប https://www.necelect.org.kh/khmer/content/3057 និងត្រូវដាក់ពាក្យនៅ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទីល្ងាច។
សូមជម្រាបថា ភ្នាក់ងារគណបក្សនយោបាយ គឺជាតំណាងដែលចាត់តាំងដោយគណបក្សនយោបាយ និងត្រូវបានអនុញ្ញាតដោយ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយពួកគាត់មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ នៅពេលមានភាពមិនប្រក្រតីណាមួយកើតឡើង៕