(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកវាលវែង បានសហការជាមួយមន្រ្តីជំនាញ កម្ទេចកាកសំណល់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៣៣គ្រាប់ ដែលគ្រាប់ទាំងនេះ ត្រូវបានរុករកប្រទះឃើញ នៅក្នុងព្រៃចម្ការមីន ដែលសង្ស័យបន្សល់នូវតាំងពីសម័យសង្រ្គាម ហើយអាចជាការលាក់ទុក ដើម្បីធ្វើចម្បាំង ក្នុងស្រុកនាកន្លងមក។
ពិធីកម្ទេចចោល នៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៣គ្រាប់ខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅទល់មុខផ្ទះ ប៊ុន ស្រីពៅ មេភូមិស្ទឹងថ្មី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងនូវតាមទូរស័ព្ទ នាព្រឹកថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៨នេះថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានកម្លាំងសហការគ្នា ធ្វើការកម្ទេចចោលខាងលើនេះ កម្លាំងប្រដាប់អាវុធស្រុកវាលវែង បានប្រទះឃើញយូរមកហើយ។ ប៉ុន្តែជុំវិញតំបន់នោះ ពោរពេញទៅដោយគ្រាប់មីនទាន់ផ្ទុះ ផ្សេងៗទៀត ចូលមិនចុះទើបកិច្ចការងារនេះ រង់ចាំមន្រ្តីជំនាញជាកិច្ចសហការ បានជាពន្យារពេលរហូតមកដល់ថ្ងៃនេះ៕