(ភ្នំពេញ)៖ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្សតិ៍៥រោចខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចអភិបាលរងរាជធានីភ្នំពេញ១រូប និងលោកនាយករដ្ឋបាលរាជធានីភ្នំពេញ១រូប ដើម្បីបំពេញបន្លែមលើការងាររដ្ឋបាលបំរើប្រជាពលរដ្ឋ។

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ពិធីនេះ ត្រូវបានប្រកាសតែងតាំងនិងផ្ទេរភារកិច្ច លោក អៀង អូននី ពីអភិបាលរងរាជធានីភ្នំពេញ ទៅបំរើការងារនៅទីស្តីការក្រសួងមហាផ្ទៃ, លោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជា អភិបាលរងរាជធានីភ្នំពេញ ជំនួសលោក អៀង អូននី, លោក សេង វណ្ណៈ ត្រូវបានប្រកាសតែងតាំង ជានាយករដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោក ហួត ហៃ។

លោក ហួត ហៃ បានប្តេជ្ញាចិត្តថា លោកនឹងបំពេញការងារឲ្យបានល្អ ទៅតាមថ្នាក់លើដែលបានដាក់ចុះ ពិសេសសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ បំរើសេវាជូនប្រជាពលរដ្ឋឲ្យបាន និងឲ្យនៅគៀកកិតជាមួយប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងថា គិតត្រឹមខែមីនា ឆ្នាំ២០១៨នេះ ស្ថានភាពក្របខណ្ឌក្នុងរាជធានីភ្នំពេញ មានមន្រ្តី និងមន្ត្រីជាប់កិច្ចសន្យាបម្រើការងារចំនួន៣,៤៨៥នាក់
(ស្ត្រី៧៣៣នាក់) ក្នុងនោះក្របខ័ណ្ឌ ក ចំនួន៣២២នាក់ ក្របខ័ណ្ឌ ខ ចំនួន១៨៨នាក់ និងក្របខ័ណ្ឌ គ ចំនួន៣១៥នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន២៦៦០នាក់។

ដោយឡែកចំពោះស្ថានភាពមន្ត្រីរដ្ឋបាលសាធារណៈ ក្នុងអង្គភាពសាលារាជធានីភ្នំពេញរួមមាន៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួន២១នាក់ (ស្ត្រី០៦នាក់) គណៈអភិបាលរាជធានីមានចំនួន០៧នាក់ (ស្រ្តី១នាក់) គណៈនាយករដ្ឋបាលមានចំនួន ០៦នាក់ នាយកទីចាត់ការ និងប្រធានអង្គភាពមានចំនួន១០នាក់ (ស្រ្តី២នាក់) និងមានមន្ត្រីក្របខ័ណ្ឌសរុបចំនួន១៤៨នាក់ (ស្រ្តី៦៣នាក់)។

លោកបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពអត់ធ្មត់ខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ជាក់ស្តែងក្នុងឆ្នាំ២០១៧កន្លងមក យើងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ៩៦០លើក/៩៣៣លើក ប្រៀបធៀបឆ្នាំ២០១៦កើនឡើង២៧លើក ស្មើនឹង២.៨៩% និងបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន២១១៣ករណី/៧៧៣ករណី ឃាត់ខ្លួន៤៦២៧នាក់/២៨០៨នាក់ (ស្រី៤៥១នាក់) ប្រៀបធៀបឆ្នាំ២០១៦ កើន១១៤០ករណី ដែលនេះ គឺជាសញ្ញាវិជ្ជមានបង្ហាញឲ្យឃើញពីប្រសិទ្ធភាព នៃការធ្វើប្រតិបត្តការ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើឲ្យបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងរាជធានី មានភាពល្អប្រសើរ និងធានាប្រក្រតីភាពនៃជីវភាពសង្គម។

លោកអភិបាលបានបន្តឲ្យដឹងថា ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ សម្រេចបាននៅសមិទ្ធផលជាច្រើន ដូចបានជម្រាបជូនខាងលើនេះក្តី ក៏នៅមានកិច្ចការជាអាទិភាព និងបញ្ហាប្រឈមថ្មីៗមួយចំនួនទៀត ដែលត្រូវខិតខំបន្តរួមគ្នាពុះពារ ជម្នះដោះស្រាយជាបន្ត គឺការរក្សា សន្តិភាព សណ្តាប់ធ្នាប់សាធារណះ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រងថែមទៀត។

លោក សក់ សេដ្ឋា ក្នុងឱកាសនោះ បានថ្លែងកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានយកអស់កម្លាំងកាយចិត្តធ្វើឲ្យរាជធានីភ្នំពេញ
មានសន្តិសុខល្អ និងមានការអភិវឌ្ឍន៍រីកចំរើន រហូតធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅរក្សាបាន៧% នៅ២០១៧ ហើយនៅក្នុងឆ្នាំ២០១៨ ក៏រក្សាកំណើននេះដដែរ។

លោកបន្តទៀតថា ប្រទេសយើងកើតចេញពីសង្គ្រាម ដែលធ្លាក់ដល់ចំណុចសូន្យ ហើយការដែលនាំឲ្យប្រទេសជាតិវិលមកវិញ នូវសុខសន្តិភាពនេះ មិនមែនកើតឡើងដោយឯកឯងនោះគេ គឺពិតជា
បានកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីប្តូរយកមកវិញនៅសុខ សន្តិភាពនេះ។

លោកបន្តថា ការតែងតាំងផ្ទេរនេះ គឺជាកិច្ចការធម្មតារបស់រដ្ឋបាលរាជធានី គឺធ្វើឡើងដើម្បីលើកកំពស់ការងារឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត លើការបំរើសេវាជូនប្រជាពលរដ្ឋ ហើយបើតាមច្បាប់ការងារលោក អៀង អូននី ក៏ដល់អាណត្តិដែលត្រូវផ្ទេរភាកិច្ចផងដែរ៕