(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូច នគរបាលការពារព្រំដែន លេខ៧០១ ខេត្តស្ទឹងត្រែង ដល់ចំណុចឈរជើងជួរមុខព្រំប្រទល់កម្ពុជា-ឡាវ គឺប៉ុស្តិ៍កោះឫស្សី។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ឯក ស៊ីវណ្ណដន ស្នងការរងនគរបាលខេត្តស្ទឹងត្រែង ឡើងរាយការណ៍ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនរួច នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ៧០១ ព្រមទាំងបានកោតសរសើរអំពីវីរភាព និងការខិតខំប្រឹងប្រែង របស់នគរបាលការពារព្រំដែន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងការចូលរួមការពារបូរណភាពទឹកដីកន្លងមក។
នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសចូលរួមក្នុងការបង្ការ បង្ក្រាប បទល្មើសផ្សេងៗនៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅពេលមានគ្រោះអាសន្នជាយថាហេតុផងដែរ។
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ បានជូនពរដល់កម្លាំងនគរបាលជាតិទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងជោគជ័យគ្រប់ភារកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចែកជូនដល់កងកម្លាំងវរៈ៧០១ រួមមាន៖ ១-ស្រាបៀចំនួន៥០កេស, ២-ទឹកក្រូចចំនួន៥០កេស, ៣-ថវិកាចំនួន២លានរៀល ហើយនាយឧត្តមសេនីយ៍ ដាំ វុទ្ធី ក៏បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន៤លានរៀលបន្ថែម សម្រាប់ប្រើប្រាស់ថ្លៃឈ្នួលជាងធ្វើជណ្តើរចុះទៅទន្លេ ចំនួន២លានរៀល និងចំនួន២លានរៀល ផ្តល់ជូនប៉ុស្តិ៍នគរបាលការពារព្រំដែនចំនួន៥ ដោយក្នុង១ប៉ុស្តិ៍ទទួលបាន៤០ម៉ឺនរៀល៕