(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
របាយការណ៍បានបញ្ជាក់ថា នៅរយៈពេលបីខែដំបូងឆ្នាំ២០១៨នេះ កម្ពុជានាំចេញអង្ករបាន ១៦១,១១៥តោន ធ្លាក់ចុះ៣.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន១៦៦,៦៧៨តោន។
អឺរ៉ុបនៅតែជាទីផ្សារដ៏មានសក្តានុពល សម្រាប់អង្កររបស់កម្ពុជា៣ខែដំបូងឆ្នាំនេះ ប្រទេសចំនួន២៥នៅសហគមន៍អឺរ៉ុប បានទិញអង្ករពីកម្ពុជាជិត៨ម៉ឺនតោន ស្មើនឹង៤៧ភាគរយនៃចំនួនសរុប។ ទីផ្សារអឺរ៉ុបដែលកំពុងមាន បញ្ហាមួយចំនួនចំពោះអង្ករកម្ពុជា ក្រោយពេលប្រទេសអ៊ីតាលីតវ៉ាចង់ឲ្យអឺរ៉ុប រឹតត្បឹតការនាំចូលអង្ករពីកម្ពុជា។
ដោយឡែកនៅត្រីមាសទី១នេះ ប្រទេសចិននៅតែបន្តនាំមុខគេ ជាប្រទេសទិញអង្ករពីកម្ពុជាច្រើនជាងគេ ចំនួនជាង៤ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ជាង២ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង១ម៉ឺនតោន។
សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារប្រមាណ៦០ប្រទេស ដែលក្រុមហ៊ុននាំចេញមានជាង៦០ក្រុមហ៊ុន។ ឆ្នាំ២០១៧ អង្កររបស់កម្ពុជានាំចេញបាន ជាង៦៣ម៉ឺនតោន៕