(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ដ្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុចប៊ូតុងដាក់ឲ្យដំណើរការភ្លើងបំភ្លឺផ្លូវនៅមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ។
អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការដាក់ឲ្យដំណើរការបំភ្លឺផ្លូវមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ មានចំនួន៤៦៧បង្គោល និងមហាវិថីមហាឧបាសក ហ៊ុន នាង ចំនួន៣២បង្គោល សរុបទាំងអស់ចំនួន ៤៩៩បង្គោល។
មហាវិថីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវ២៧១ ក្បាលថ្នល់ ទល់នឹងផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស មានប្រវែង ៩.១៦០ម៉ែត្រ ដែលមានការដាំបង្គោលភ្លើងសងខាង ចំនួន ៤៦៧ដើម ក្នុងនោះ ខាងស្តាំ ចំនួន ២៣១បង្គោល និងខាងឆ្វេង ចំនួន ២៣៦បង្គោល ដែលស្ថាបនាដោយក្រុមហ៊ុន អាយ អិន ជី ហូលឌីង (ING Holdings Co.,Ltd) ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ រាជធានីភ្នំពេញ បានអោយដឹងថា ខណៈនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៤៤០បង្គោល នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ ។
សូមរំលឹកថា មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រូវបានសម្ពោធជាផ្លូវការ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាការបោះជំហានមួយដ៏ធំនៅក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងរាជធានីភ្នំពេញ។
មហាវិថីដែលមានប្រវែង៩,១៦០ម៉ែត្រនេះ តភ្ជាប់ពីផ្លូវលេខ២៧១ នៅភាគខាងជើងទៅកាន់ផ្លូវជាតិលេខ២ នៅភាគខាងត្បូងក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ផ្អែកតាមប្លង់គោលអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ឆ្នាំ២០៣៥ ការស្ថាបនាមហាវិថីនេះសំដៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ស្របពេលដែលរាជធានីភ្នំពេញបន្តពង្រីកខ្លួន និងអភិវឌ្ឍ៕