(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី សូមសេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជាលើករាសីដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ក្នុងឱកាសទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័កព.ស.២៥៦២ ដែលនឹងឈានមកដល់ខាងមុខនេះ។
នៅក្នុងពិធីនេះ គឺមានការយាងនិមន្តចូលរួមពី សម្ដេចព្រះវនរត័ ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃកម្ពុជា និងព្រះសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត លោកអគ្គកុងស៊ុល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្រ្តីរាជការក្នុងស្ទឹងត្រែង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពីធីក្រងពាលី និងសម្តែងរបាំត្រុដិ ដើម្បីបណ្តេញចេញនូវឧបទ្រុបចង្រៃឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឲ្យនាំមកនូវសិរីសួស្តី សុភមង្គល និងភាពសុខដុមរមនាដដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែងផងដែរ៕