(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីម៉ាឡេស៊ី ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នហាឡាល និងអ្នកវិនិយោគហាឡាលមកពីជាង៦០ប្រទេស នៅក្នុងសន្និសីទហាឡាលពិភពលោកថា កម្ពុជាបើកទ្វារស្វាគមន៍គ្រប់ទំហំវិនិយោគឧស្សាហកម្មហាឡាល ព្រោះកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមមិនក្រោម៧% ជាពិសេសគឺកម្ពុជាមានលក្ខខណ្ឌអំណោយផលជាច្រើន រួមមានវត្ថុធាតុដើម កម្លាំងពលកម្មជាដើម។
លោកបន្តថា សព្វថ្ងៃកម្ពុជាសម្រេចបានដោយជោគជ័យ ក្នុងការដំណើរការគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយមានការជ្រោមជ្រែង លក្ខខណ្ឌបច្ចេកទេស ហាឡាលប្រទេសថៃ និងម៉ាឡេស៊ី ដោយយើងបានដំណើរការបញ្ជាក់ហាឡាលទៅឲ្យផលិតផលមួយចំនួនរួចហើយ ខណៈក្រុមឯកទេស កំពុងអនុវត្តការចុះពិនិត្យទៅដល់ភោជនីយដ្ឋាន និងសិប្បកម្មជាច្រើនផ្សេងទៀត ដែលនឹងចេញវិញ្ញាបនបត្រជូនជាបន្តបន្ទាប់ សម្រាប់កន្លែងដែលបានអនុវត្តតាមលក្ខខណ្ឌហាឡាលត្រឹមត្រូវ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំប្រតិភូកម្ពុជា ដែលមានវត្តមានស្វាគមន៍ពីសំណាក់ លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ដើម្បីចូលរួមសន្និសីទហាឡាលពិភពលោកលើកទី១០ និងពិពណ៌ហាឡាលអន្តរជាតិលើកទី ១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយ ក្រុមហ៊ុនអភិវឌ្ឍន៍សហប្រតិបត្តិការហាឡាលម៉ាឡេស៊ី ក្រោមអធិបតីភាព លោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។
ការថ្លែងបង្ហាញពីឱកាសវិនិយោគឧស្សាហកម្មហាឡាលនៅកម្ពុជា ពីសំណាក់ប្រតិភូហាឡាលពីកម្ពុជា បានផ្តល់ចំណាប់អារម្មណ៍ ដល់ភាគីតំណាងស្ថាប័ន ក្រុមហ៊ុនហាឡាល និងអ្នកវិនិយោគតំណាងប្រទេសនានាជាខ្លាំង ហើយបានធ្វើឲ្យកិត្តិយសកម្ពុជា និងសក្តានុពលវិស័យហាឡាលនៅកម្ពុជា កាន់តែល្បីរន្ទឺ និងត្រូវបានទទួលស្គាល់នៅលើឆាកទីផ្សារហាឡាលអន្តជាតិ ដែលមានទំហំទឹកប្រាក់ប្រមាណ៣,៣លានលានដុល្លា ខណៈផ្នែកម្ហូបហាឡាលមានទំហំទឹកប្រាក់ ប្រមាណជាង១លានលានដុល្លាអាមេរិក៕