(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចមានមោទនភាពជាខ្លាំងដែលបាន​ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលគណៈកម្មការទេន្លមេគង្គ (MRC) លើកទី៣ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលដែលធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នឹងទទួលបាននូវលទ្ធផលជាផ្លែផ្កាល្អ និងប្រកបដោយផលិតភាព ដែលនឹងរួមចំណែកត្រួសត្រាយផ្លូវ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ឆ្ពោះទៅសម្រេចបាននូវគោលដៅចុងក្រោយរបស់ប្រទេសជាសមាជិក គឺភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម និងនិរន្តរភាពបរិស្ថានក្នុងឤងទន្លេមេគង្គ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីពិសាភោជនាហារមុនកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ។ នៅចំពោះមុខថ្នាក់ដឹកនាំប្រទេសជាសមាជិក និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត សម្តេចតេជោ បានគូសបញ្ជាក់ថា បណ្តាប្រទេសតាមដងទន្លេមេគង្គបានធ្វើកិច្ចការ ជាមួយគ្នាជាយូរមកហើយ ក្នុង ការប្រែក្លាយតំបន់ទន្លេមេគង្គទៅជាតំបន់អភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសដើម្បីសាមគ្គីភាព របស់ប្រជាជនដែល ចែករំលែកទន្លេរួមគ្នា។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា ទន្លេមេគង្គបានក្លាយជាមូលដ្ឋាន ដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃតំបន់ឤស៊ីឤគ្នេយ៍។ សម្តេចតេជោថា តាមលក្ខណៈភូមិសាស្ត្រ ទន្លេនេះ មិនត្រឹមតែបានភ្ជាប់ប្រទេសរបស់ទាំង ៦  (កម្ពុជា ថៃ ឡាវ វៀតណាម ចិន និងមីយ៉ាន់ម៉ា) ជាមួយគ្នាបុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាវាសនារួមប្រកបដោយមិត្តភាព ភាពជាអ្នកជិតខាងល្អ សន្តិភាព និងវិបុលភាព។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «យើងត្រូវបន្តរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ទើបយើងឤចសម្រេចបាននូវភាពចម្រុងចម្រើន និងការអភិវឌ្ឍប្រកប ដោយចីរភាព។ យើងនឹងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តកម្រិតនយោបាយរបស់យើង ដោយនឹងផ្តោតជាសំខាន់លើការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ  ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឤងទន្លេមគង្គ ដែលជាប្រធានបទនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ក្រោមទិសស្លោក ទន្លេមេគង្គតែមួយ-ស្មារតីតែមួយ»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នឹងចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃស្អែកនេះ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ» ដែលសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានកិច្ចប្រជុំ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការ​ទន្លេមេគង្គសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ពិភាក្សាលើបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ និងដាក់ចេញទិសដៅ​ជាយុទ្ធសាស្រ្តដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលនេះ ត្រូវបានរំពឹងទុកថា នឹងអនុម័តសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ដែលឆ្លុះបញ្ចាំងនូវ​ការ​ប្តេជ្ញាចិត្ត​ផ្នែកនយោបាយកម្រិតខ្ពស់របស់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ក្នុងការបន្តធ្វើឲ្យប្រសើរនូវ​កិច្ចសហប្រតិបត្តិ​ការតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ផងដែរ។

លោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកគណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៣ បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ គឺជាព្រឹត្តិការណ៍ នយោបាយកម្រិតខ្ពស់បំផុត ដ៏មានសារៈសំខាន់ ដែលបានផ្ដួចផ្តើមឡើងដោយប្រទេសជាសមាជិកទាំងបួនរួមមាន៖ កម្ពុជា ថៃ ឡាវ និងវៀតណាម។ កិច្ចប្រជុំកំពូលរៀបចំធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង ដែលជាវេទិកាកម្រិតតំបន់សម្រាប់ប្រមុខរដ្ឋាភិបាលនៃ​ប្រទេសទាំងបួនធ្វើការផ្លាស់​ប្ដូរទស្សនៈ ពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលជួបប្រទះក្នុងតំបន់ និងពិនិត្យឡើងវិញលើវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីការគ្រប់គ្រងប្រកប​ដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចមានចែងក្នុងកិច្ចព្រមព្រៀងមេគង្គ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥។

លោក ណាវុធ បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ​២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី​២ ក្នុងឆ្នាំ២០១៤​ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។

លោក តែ ណាវុធ បានឲ្យដឹងទៀតថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នេះ នឹងផ្តោតលើគោលបំណងបីសំខាន់ៗចំនួន៣រួមមាន៖

ទី១៖ ដើម្បីគូសបញ្ជាក់សារជាថ្មីអំពីតួនាទី ភារកិច្ច និងបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ និងដើម្បីលើកកម្ពស់ជាបន្ថែមទៀតនូវការពិគ្រោះយោបល់ជាចំហ និងកិច្ចសហប្រតិបត្តិការ ក្នុងអាងទន្លេមេគង្គ។

ទី២៖ ដើម្បីទទួលស្គាល់នូវវឌ្ឍនភាព ការរួមចំណែក និងសមិទ្ធិផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការថែរក្សាសន្ដិភាព បើទោះបីជាប្រទេសជាសមាជិកមានផលប្រយោជន៍ គោលជំហរ និងការអភិវឌ្ឍខុសៗគ្នាយ៉ាងណាក៏ដោយ។

ទី៣៖ ដើម្បីជំរុញលើកកម្ពស់ជាបន្តនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុងបន្ដកើតមាន និងច្បាមយកកាលានុវត្ថភាព ដើម្បីអាងទន្លេមេគង្គមួយមានភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្ដិធម៌សង្គម និងបរិស្ថានល្អ ដែលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់សហប្រជាជាតិ លើផ្នែកការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច សន្ដិសុខស្បៀង ការផលិតថាមពលក្នុងតម្លៃសមស្របនិងអាចជឿទុកចិត្តបាន និងបម្រែបម្រួលអាកាសធាតុ៕