(សៀមរាប)៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវលោក ថងលូន ស៊ីស៊ូលីត បានសន្យាប្រឹងប្រែងរួមគ្នាជំរុញ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ការសន្យាបែបនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី មុនឈានទៅពិសាអាហាររួមគ្នា នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅសណ្ឋាគារសុខាអង្គរ ក្នុងទីក្រុងសៀមរាបនៅល្ងាចថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក ថងលូន ស៊ីស៊ូលីត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងឡាវ។ ប៉ុន្តែលោកបានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងឡាវ មានចំនួនតិចតួចត្រឹមប្រមាណ ២០លានដុល្លារប៉ុណ្ណោះ ហើយក៏កំពុងមាននិន្នាការថយចុះថែមទៀងដែរ។
ក្នុងន័យនេះលោកនាយករដ្ឋមន្ត្រីឡាវ បានស្នើសម្តេចតេជោ ហ៊ុន សែន ជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមានវិសាលភាពកាន់តែធំឡើង។
បើតាមលោក អ៊ាង សុផ្ល្លែត ឆ្លើយតបសំណើនេះ សម្តេចនាយករដ្ឋមន្ត្រីនៃ បានស្នើឲ្យជំរុញប្រជាជនប្រទេសទាំងពីរវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយគ្នា ឲ្យមានសន្ទុះកាន់តែខ្លាំងក្លាឡើង។
សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនក្នុងការជំរុញកំណើនពាណិជ្ជកម្មនេះ ជាពិសេសនៅក្នុងវិស័យទេសចរណ៍។ ដើម្បីជំរុញកំណើនទេសចរណ៍ ក៏ដូចការធ្វើពាណិជ្ជកម្មសម្តេចតេជោ នឹងពិនិត្យមើលលទ្ធភាពឲ្យមានការហោះហើរត្រង់ពីកម្ពុជា ទៅកាន់ទីក្រុងវៀងច័ន្ទ និងទីក្រុងហ្លួងព្រះបាង។
សម្តេចតេជោ ក៏បានលើកជាគំនិតផ្តួចផ្តើមឲ្យមានការសិក្សាអំពីការមិនយកពន្ធត្រួតគ្នា ដូចដែរកម្ពុជាបានធ្វើជាមួយវៀតណាមកន្លងមកផងដែរ។ ក្រៅពីនោះ សម្តេចស្នើសុំឲ្យភាគីឡាវ ពិនិត្យមើលការតភ្ជាប់បណ្តាញអគ្គិសនីពីឡាវមកកាន់ប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ចាត់ទុកចំណុចទាំងនេះ សុទ្ធតែជាគន្លឹះជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យមានការកើនឡើង និងជិតស្និទ្ធថែមទៀត៕