(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះបានឯកភាពជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ក្នុងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការឯកភាពរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅមុនពិធីពិសាភោជនាហារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
ក្រោយបញ្ចប់ជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនថា ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តី វៀតណាម បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យព័ត៌មាន ឱ្យកាន់តែល្អថែមទៀត ដើម្បីចៀសវាងការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោក អ៊ាង សុផល្លែត បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម។ មិនតែប៉ុណ្ណោះសម្តេចក៏បានជំរុញឱ្យ មានការពិនិត្យមើលកិច្ចសហប្រតិបត្តិការដើម្បីបង្កលក្ខណៈបន្ថែមទៀត សម្រាប់ការធ្វើអាជីវកម្មរវាងប្រជាជន និងប្រជាជន។
នៅក្នុងជំនួបនោះភាគីទាំងពីរ ក៏បានលើកឡើងអំពីកំណើននៃទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ ជាពិសេសកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា។
សូមបញ្ជាក់ថា នាថ្មីៗកន្លងទៅនេះមានវិទ្យុ និងសារព័ត៌មានបរទេសមួយចំនួន បានស្រង់នូវព័ត៌មានមិនពិតប្រាកដមួយហើយបានផ្សព្វផ្សាយថា វៀតណាមលែងគាំទ្រ ដល់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែព័ត៌មាននេះត្រូវបានច្រានចោលភ្លាមៗផងដែរ៕