(ភ្នំពេញ)៖ របាយការណ៍ចុងក្រោយមួយបានបង្ហាញថា ការបញ្ជូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ នឹងមានចំនួនត្រឹម ៤៣រូបប៉ុណ្ណោះ ហើយការបញ្ជូននេះនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមេសាស្អែកនេះ ខណៈចំនួនពិតអាចនឹងប្រែប្រួលទៀត។ នេះបើតាមការបញ្ជាក់របស់ លោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
លោក កែវ វណ្ណថន បានបញ្ជាក់ថា មុនដំបូងគឺអាមេរិកគ្រោងនឹងបញ្ជូនមកកម្ពុជាចំនួន៥១នាក់ ប៉ុន្តែព័ត៌មានចុងក្រោយ ដែលអង្គភាពរបស់លោកទទួលបាន បន្ទាប់ពីសួរនាំ គឺមានចំនួនត្រឹម ៤៣នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមនោះមានប្រុសចំនួន៤០រូប និងស្រីចំនួន៣រូប។
លោកអគ្គនាយករង បានបន្តថា ពួកគាត់បានទៅរស់នៅសហរដ្ឋអាមេរិក តាំងពីមុនឆ្នាំ១៩៩៤ ហើយក៏បានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ រហូតដល់ជាប់ពន្ធនាគារនៅអាមេរិក។ ក្រោយពេលជាប់ពន្ធនាគាររួចនេះហើយ ពួកគាត់ត្រូវបានអាមេរិក សម្រេចបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ ដែលពួកគាត់មានអ្នកខ្លះមានបញ្ហាសុខភាពផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកឱ្យត្រឡប់មកកម្ពុជាវិញ ចាប់តាំងពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តល្មើសឱ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។
ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ ការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកត្រូវបានខកខាន ដោយសារតែសហរដ្ឋអាមេរិក មិនព្រមតាមសំណើកម្ពុជា ដែលស្នើឱ្យកែប្រែលក្ខខណ្ឌ មួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។សហរដ្ឋអាមេរិក បានសម្រេចផ្អាកទិដ្ឋាការ ដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសាច់ញាតិរបស់ពួកគេ ដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ដោយសារតែការសើរើកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះកម្ពុជាក៏បានសម្រេចផ្អាកកិច្ច សហប្រតិបត្តិការកម្ពុជា-អាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា ក្នុងសម័យសង្គ្រាមផងដែរ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញករណីនេះ។ ដោយឡែកក្រសួងការបរទេសកម្ពុជា មិនអាចទំនាក់ទំនងបានទេ៕