(កំពង់ធំ)៖ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រៀបចំ«វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងបីនេះ។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ហេង វណ្ណនី អភិបាលខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ និងតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងបីនេះ។
វេទិកាសន្ទនានេះ បានបង្កើតនូវបរិយាកាសស្និទ្ធស្នាលក្នុងការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក រវាងអង្គការ សមាគម សហជីព និងសហគមន៍ ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសនៅតាមសហគមន៍ នៃខេត្តនីមួយៗ ក៏ដូចជាសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនឹងនេះ វេទិកាសន្ទនានេះក៏បានចែករំលែកនូវទស្សនៈរវាងគ្នាទៅវិញទៅមក សំដៅពង្រឹងភាពជាដៃគូរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ឆ្លងតាមការជជែកពិភាក្សាគ្នាយ៉ាងផុសផុល អង្គវេទិកាបានដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន របស់ប្រជាពលរដ្ឋ នៅក្នុងកិច្ចសន្ទនាដោយផ្ទាល់តែម្តង។ ចំពោះបញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារបច្ចេកទេស និងដែលទាមទារឲ្យមានការសិក្សាឲ្យបានល្អិតល្អន់ ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីសហការស្វែងរកដំណោះស្រាយ។
សូមជម្រាបថា វ.ស.ស. គឺជាអ្នកសម្របសម្រួលក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែមានការរីកចម្រើន។ វ.ស.ស. មានទិសដៅចូលរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទី របស់អង្គការសង្គមស៊ីវិល ព្រមទាំងបានស្នើឲ្យចូលរួមផ្តល់ការគាំទ្រ និងជំរុញការអនុវត្តគម្រោង ជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ រាជរដ្ឋាភិបាលបានផ្តល់សារៈសំខាន់ខ្ពស់ ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានធ្វើការយ៉ាងសកម្ម ជាមួយគ្រប់ភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាល លើកិច្ចការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព៕