(ភ្នំពេញ)៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូក្រសួងការពារជាតិ ចុះសុខសួរសុខទុក្ខ នាយទាហាន ពលទាហាន នៅទីបញ្ជាការដ្ឋានយោធភូមិពិសេស និងមន្ទីរពេទ្យព្រះកេតុមាលា នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ខាងមុខនេះ។
ពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះ ក៏មានអញ្ជើញចូលរួមពីប្រតិភូ នៃក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ឯក ម៉ី មនដារី អគ្គមេបញ្ជាការរង ខ.ភ.ម ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ, ឧត្តមសេនីយ៍ឯក លឹម ម៉ារីណា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា, ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី និងលោក លោកស្រីសមាជិកអង្គភាពចំណុះឲ្យកងយោធពលខេមរភូមិន្ទ យ៉ាងច្រើនកុះករផងដែរ។
លោកស្រី ដាំ ដារីនី បានថ្លែងថា ក្នុងឱកាសនេះ តាំងនាមឱ្យក្រសួងការពារជាតិ បានពាំនាំនូវថវិកា គ្រឿងឧបភោគ បរិភោគ ជូនដល់នាយទាហាន ពលទាហាន ដែលប្រចាំការនៅទីបញ្ជាការដ្ឋានយោធពិសេស និងមន្ទីរពេទ្យព្រះកេតុមាលា សម្រាប់ជាចំណងដៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។
លោកស្រីក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់នាយទាហាន ពលទាហាន ទាំងអស់ជួបប្រទះនូវសេចក្តីសុខចម្រើន សុខភាពល្អ និងទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមបម្រើជាតិមាតុភូមិកម្ពុជា៕