(ភ្នំពេញ)៖ នៅក្នុងសម័យបច្ចេកវិទ្យារីកចម្រើន ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ត្រូវបានគេមើលឃើញថា មួយចំនួនធំពឹងលើបច្ចេកវិទ្យា ដោយឡែកក្នុងវិស័យធនាគារ ក៏ដូច្នេះដែរ គឺបានផ្លាស់ប្តូរការធ្វើប្រតិបត្តិការបែបចាស់ៗ មកធ្វើប្រតិបត្តិការបែបទាន់សម័យ និង ស្របតាមការរីកចម្រើនបច្ចេកវិទ្យាវិញ ជាក់ស្ដែង វិស័យធនាគារបានប្តូរពីការដកដាក់លុយតាមបញ្ជរ មកដកដាក់តាមម៉ាស៊ីនស្វ័យប្រវត្តិនិងធ្វើដោយខ្លួនឯង ។ គ្រាន់តែប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នៅឡើយទេ បច្ចុប្បន្ន វិស័យធនាគារបានកែច្នៃ អោយមានការទូទាត់ប្រាក់នានាតាមប្រពន្ធ័អេឡិចត្រូនិក និងទូរសព្ទ័ដៃ ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការអភិវឌ្ឍន៍វិស័យធនាគារ អោយក្លាយជាធនាគារឌីជីថល គឺស្របទៅតាមការរីកចម្រើន នៃបច្ចេកវិទ្យានៅពេលបច្ចុប្បន្ននេះ ។ ហើយការដែលកែប្រែទៅជាធនាគារឌីជីថលនេះដែរ ក៏ដើម្បីសម្រួលដល់អតិថិជន និងប្រជាពលរដ្ឋផងដែរ ។
លោកបានថ្លែងថា «សម្រាប់ការផ្លាស់ប្តូរមកប្រើប្រាស់ការទូទាត់តាមបែបជាធនាគារ ឌីជីថលវាផ្ដល់ប្រយោជន៍ច្រើនណាស់ ។ ជាក់ស្ដែង ដូចយើងឃើញស្រាប់ នៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ និងគ្រប់ពេលទៅហើយ, ដូចនេះ បើសិនជាអតិថិជនត្រូវការទូទាត់ប្រាក់សុទ្ធ នៅបញ្ជរធនាគារ រឺចង់ទៅទូទាត់តាមស្ថាប័នផ្សេងទៀត ត្រូវការពេលវេលា ច្រើន និងចំណាយលើថ្លៃធ្វើដំណើរផងដែរ ។ ក៏ប៉ុន្តែ បើសិនជាប្រជាពលរដ្ឋងាកមកប្រើប្រាស់ការទូទាត់តាមធនាគារឌីជីថល ពួកគាត់អាចទូទាត់បាននៅផ្ទះ ឬ កន្លែងណាក៏បានដែរ»។
លោកបន្តថា នៅពេលដែលការមានការប្រើប្រាស់ធនាគារឌីជីថលនេះ កាន់តែច្រើន ការធ្វើដំណើរទៅទូទាត់ប្រាក់ពីកន្លែងមួយទៅកន្លែងក៏នឹងត្រូវកាត់បន្ថយ ហើយនៅពេលនោះបរិមាណផ្សេងពុលដែលចេញពីរថយន្តនិងម៉ូតូតាមដងផ្លូវក៏ត្រូវកាត់បន្ថយដែរ ។ម្យ៉ាងទៀតនៅពេលយើងប្រើធនាគារឌីជីថល យើងមិនចាំបាច់មានប្រាក់សុទ្ធនៅតាមខ្លួនឡើយ ព្រោះវាប្រៀបដូចជាកាបូបប្រាក់តូចមួយ តែអ្នកដទៃមិនអាចមើលឃើញទេ ។ ដូចនេះវាក៏បានកាត់បន្ថយនូវអំពើចោរកម្មតាមទីសាធារណៈបានកម្រិតទៀតផងដែរ ។
ប្រធានប្រតិបត្តិធនាគារឈានមុខគេនៅកម្ពុជារូបនេះ បានបន្ថែមទៀតថា ដោយសារតែមើលឃើញពីកត្តាសំខាន់ និងអត្ថប្រយោជន៍នៃធនាគារ ឌីជីថលនេះហើយ ទើបក្នុងនាមជាធនាគារក្នុងស្រុក និងឈានមុខគេ បានអភិវឌ្ឍន៍ជាបណ្ដើរៗពីធនាគារដែលប្រើបុគ្គលិកចាំបម្រើអតិថិជន មកជាធនាគារដែលប្រើបុគ្គលិកបង្រៀនអតិថិជនវិញ តាមរយៈការធ្វើប្រតិបត្តិការដោយអតិថិជនខ្លួនឯង ។ សមិទ្ធផលថ្មីរបស់ធនាគារអេស៊ីលីដា ក្នុងវិស័យធនាគារឌីជីល គឺអេស៊ីលីដាទាន់ចិត្ត ដែលសេវាកម្មបានបង្កើតជាងមួយឆ្នាំហើយ ។ដំបូងឡើយ នៅពេលដែលអតិថិជន ចង់ទូទាត់ប្រាក់តាមសេវាកម្មនេះ ត្រូវយកប្រាក់ទៅដាក់នៅបញ្ជរជាមុនសិន តែក្រោយមក ធនាគារក៏បានសម្រេចតភ្ជាប់សេវាកម្មមួយទៅនេះទៅគណនី ធនាគាររបស់អតិថិជនស្រាប់តែម្ដង ដូចនេះ រាល់ការទូទាត់លែងបញ្ហាទៀត ឲ្យតែមានសមតុល្យទឹកប្រាក់នៅក្នុងគណនីធនាគារ ៕