(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១២៣គ្រួសារ នៅក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីចែកអំណោយមនុស្សធម៌ខាងលើនេះ មានការចូលរួមពីតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ គឺលោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌសែនសុខ និងចៅសង្កាត់ទាំង៦ ដែលរៀបចំឡើងនៅក្នុងបរិវេណវត្ត «សុវណ្ណមុនីសាគរ» ហៅវត្ដ សំរោងអណ្ដែត។
លោក សក់ កញ្ញារិទ្ធ បានឲ្យដឹងថា ការចែកជូននៅពេលនេះ គឺមិនមានជាប់ពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយ ឬក៏ចែកជូនដោយប្រកាន់បក្ខពួកនោះឡើយ គឺចែកជូនដោយមើលឃើញថា បងប្អូនជាពលរដ្ឋជាជនក្រីក្រ ប្រាកដមែន ព្រោះយើងជាខ្មែរដូចគ្នា ត្រូវតែជួយគ្នាក្នុងគ្រាដែលខ្វះខាត។
ព្រះសក្យវង្ស រ័ត្ន សារឿន ព្រះចៅអធិការសំរោងអណ្ដែត បានមានសង្ឃដិកាថា ថ្វីត្បិតតែពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងឋិត នៅក្បែរបងប្អូនពលរដ្ឋក្នុងប្រទេសជានិច្ច ពិសេសខ្វល់ខ្វាយពីប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរាំរៃ។ ជាពិសេសជន មានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់ សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូននេះ គឺក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, ត្រីខ១យូរ និងសម្ភារផ្ទះបាយមួយចំនួន ថវិកាចំនួន៥ម៉ឺនរៀល៕