(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា នៅពេលមានវិទ្យាល័យ តែត្រូវការចាំបាច់ណាស់ក្នុងការស្រាវជ្រាវបន្ថែមទៀត ដូចនេះបណ្ណាល័យ គឺជារឿងចាំបាច់ណាស់សម្រាប់ឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៀត។
បើតាមលោកអភិបាលខេត្ត បច្ចុប្បន្ននេះប្រទេសជាតិកំពុងតែមានការជឿនលឿនទៅមុខ បញ្ហាបច្ចេកវិទ្យា និងព័ត៌មានវិទ្យា សិស្សានុសិស្ស ត្រូវតែដើរឲ្យទាន់សម័យកាល តែក៏ត្រូវប្រុងប្រយ័ត្នព្រោះប្រព័ន្ធព័ត៌មានវិទ្យា គឺត្រូវប្រើឲ្យចំគោលដៅក្នុងការសិក្សា ជៀសវាងកុំឲ្យក្លាយជាអាវុធមុខពីរ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តកំពង់ចាម ត្រូវបានធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនព្រៃទទឹង គឺស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងពិធីចុះបឋមសិលាកសាងក្នុងបណ្ណាល័យគុណគ្រូ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទំាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងស្រាវជ្រាវបន្ថែមតាមបណ្ណាល័យ និងព័ត៌មានវិទ្យា ព្រមទាំងត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងនោះផងដែរ ត្រូវគោរពច្បាប់ចរាចរណ៍ ដោយត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ ដើម្បីជៀសវាងដោយគ្រោះថ្នាក់ចរាចរណ៍ដោយប្រកាណាមួយ។
ស្រដៀងគ្នានោះ លោក កើត រិទ្ធ ក៏បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ ត្រូវបង្កើនការយកចិត្តទុដាក់បង្រៀនសិស្សានុសិស្សបន្ថែមទៀត និងបង្កើនការសិក្សាស្វែងយល់ពីការវិឌ្ឍន៍ថ្មីៗ ដើម្បីចែករំលែកដល់សិស្សដូចគ្នា។
លោករដ្ឋលេខាធិការក៏បានទទូចដល់ កូនសិស្សទាំងអស់ត្រូវចៀសឲ្យឆ្ងាយឲ្យអំពើអបាយមុខនានា ជាពិសេសបញ្ហាគ្រឿងញៀន ដែលនាំទៅរកការបំផ្លាញសង្គមយ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបថា តាមរបាយការណ៍របស់ លោកអភិបាលស្រុកព្រៃឈរ បានដឹងថា ទូទាំងស្រុកព្រៃឈរមានអាគារសិក្សាសរុប ចំនួន១៨០ខ្នងស្មើនឹង៧៩៧បន្ទប់ ក្នុងនោះដែរអាគារសិក្សារបស់ សម្ដេចតេជោ ហ៊ុន សែន មានសរុបចំនួន៤០១ ខ្នងស្មើរនឹង២១០បន្ទប់។ ដោយឡែកវិទ្យាល័យហ៊ុនសែនព្រៃទទឹង មានអាគារសិក្សាសរុប៨ខ្នង ៤០បន្ទប់ ក្នុងនោះមានអាគារដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ចំនួន៣ខ្នង ១៥បន្ទប់ និងមានសិស្សានុសិស្សសរុប ចំនួន១,៩៥៨នាក់ ក្នុងនោះស្រី៨៥៧នាក់ មានគ្រូសរុប៧៨នាក់ ស្រី៣៨នាក់៕