(កំពង់ចាម)៖ ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលជិតមកដល់នៅពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាឲ្យថ្នាក់ដឹកនាំនគរបាលខេត្ត និងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹង និងយកចិត្តទុកដាក់រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ការដាក់បទបញ្ជាជាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ស្នងការ ដឹកនាំ​ប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ នៅព្រឹកថ្ងៃនេះ ដោយមានការអញ្ជើញចូលរួមពីលោក អនុប្រធានផែនជំនាញគ្រប់រូប លោក លោកស្រីនាយ ​នាយរងការិយាល័យចំណុះផែនជំនាញទាំងអស់ សរុបចំនួន១០២នាក់ ស្រី០៥នាក់។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់កម្លាំងនគរបាលទាំងអស់ដែរ ពីការបង្កើន និងយកចិត្តទុកដាក់បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងយកចិត្តទុកដាក់ពីការធ្វើរដ្ឋបាលចំហរត្រួតពិនិត្យអាវុធជាតិផ្ទះ នៅតាមគោលដៅសំខាន់ៗមួយចំនួន ដែលថ្នាក់ដឹកបានដាក់ជូនជាបន្ដបន្ទាប់។

យ៉ាងណាមិញ សម្រាប់ផែនការនៅចំពោះមុខនេះហើយ លោកឧត្តមសេនីយ៍ ឯម កុសល ក៏មិនភ្លេចជំរុញកម្លាំងជំនាញរបស់លោក ត្រូវអនុវត្តការងារឲ្យបានល្អប្រសើរ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងត្រូវត្រៀមកម្លាំងអន្ដរាគមន៍គ្រប់ក្នុងករណីមានបញ្ហាអ្វីកើតឡើយជាយថាហេតុ ព្រមទាំងផែនការសំខាន់ៗជាច្រើនទៀត៕