(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលជាមេដឹកនាំប្រទេសមេគង្គក្រោម រួមនិងមេដឹកនាំតំណាងជាន់ខ្ពស់នៃប្រទេសមេគង្គលើ និងជាដៃគូសន្ទនាគណៈកម្មការទន្លេមេគង្គ ចិន និងមីយ៉ាន់ម៉ា និងដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គផងនោះ នៅល្ងាចថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ នឹងអញ្ជើញពិសាភោជនាហារគ្នានៅសណ្ឋាគារសុខាអង្គរ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីពិសាភោជនាហារនេះ ត្រូវបានរៀចំឡើងដោយគណៈកម្មការទន្លេមេគង្គនៅមុនពេលដែលកិច្ចកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ។ សម្រាប់កម្មវិធីល្ងាចនេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា មិនមានវត្តមាននោះទេ ដោយធ្វើដំណើរមកចូលរួមមិនទាន់។
សូមបញ្ជាក់ថា កិច្ចកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃស្អែកនេះ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ» ដែលមានសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានកិច្ចប្រជុំ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ពិភាក្សាលើបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ និងដាក់ចេញទិសដៅជាយុទ្ធសាស្រ្តដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលនេះ ត្រូវបានរំពឹងទុកថា នឹងអនុម័តសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់របស់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ក្នុងការបន្តធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ផងដែរ។
លោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកគណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ គឺជាព្រឹត្តិការណ៍ នយោបាយកម្រិតខ្ពស់បំផុត ដ៏មានសារៈសំខាន់ ដែលបានផ្ដួចផ្តើមឡើងដោយប្រទេសជាសមាជិកទាំងបួន។ កិច្ចប្រជុំកំពូលរៀបចំធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង ដែលជាវេទិកាកម្រិតតំបន់សម្រាប់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនធ្វើការផ្លាស់ប្ដូរទស្សនៈ ពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលជួបប្រទះក្នុងតំបន់ និងពិនិត្យឡើងវិញលើវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីការគ្រប់គ្រងប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចមានចែងក្នុងកិច្ចព្រមព្រៀងមេគង្គ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥។
លោក ណាវុធ បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។
លោក តែ ណាវុធ បានឲ្យដឹងទៀតថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នេះ នឹងផ្តោតលើគោលបំណងបីសំខាន់ៗចំនួន៣រួមមាន៖
ទី១៖ ដើម្បីគូសបញ្ជាក់សារជាថ្មីអំពីតួនាទី ភារកិច្ច និងបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ និងដើម្បីលើកកម្ពស់ជាបន្ថែមទៀតនូវការពិគ្រោះយោបល់ជាចំហ និងកិច្ចសហប្រតិបត្តិការ ក្នុងអាងទន្លេមេគង្គ។
ទី២៖ ដើម្បីទទួលស្គាល់នូវវឌ្ឍនភាព ការរួមចំណែក និងសមិទ្ធិផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការថែរក្សាសន្ដិភាព បើទោះបីជាប្រទេសជាសមាជិកមានផលប្រយោជន៍ គោលជំហរ និងការអភិវឌ្ឍខុសៗគ្នាយ៉ាងណាក៏ដោយ។
ទី៣៖ ដើម្បីជំរុញលើកកម្ពស់ជាបន្តនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុងបន្ដកើតមាន និងច្បាមយកកាលានុវត្ថភាព ដើម្បីអាងទន្លេមេគង្គមួយមានភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្ដិធម៌សង្គម និងបរិស្ថានល្អ ដែលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់សហប្រជាជាតិ លើផ្នែកការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច សន្ដិសុខស្បៀង ការផលិតថាមពលក្នុងតម្លៃសមស្របនិងអាចជឿទុកចិត្តបាន និងបម្រែបម្រួលអាកាសធាតុ៕