(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ បែវើរីជីស លីមីតធីត បញ្ចូនស្រាបៀរកម្ពុជាទៅកាន់ទីផ្សារគ្រប់ខេត្តក្រុង និងបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោក។ គ្រប់សង្វាក់ផលិតកម្មនីមួយៗរបស់ស្រាបៀរកម្ពុជា សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យរសជាតិ គុណភាព និងសុពលភាពប្រកបដោយទំនួលខុសត្រូវខ្ពស់ ពីផ្នែកត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុន។
ការត្រួតពិនិត្យតាំងពីវត្ថុធាតុដើម ដំណាក់កាលនៃការផលិតនីមួយៗ រហូតដល់ផលិតផលសម្រេច។ ចំពោះវត្ថុធាតុដើម យើងមានត្រួតពិនិត្យស្រូវសាលី ទឹក មេស្រាបៀរ និងផ្កា Hops។ ចំពោះដំណាក់កាលនីមួយៗ យើងមានត្រួតពិនិត្យដូចជា បន្ទាប់ពីយើងស្ងោរចប់ ពេលកាច់មេ ពេលបន្ទំ ពេលច្រោះ ពេលច្រកចូលកំប៉ុង ឬដប ហើយនឹងផលិតផលសម្រេច។
ឧបករណ៍ត្រួតពិនិត្យគុណភាព ដែលបំពាក់ក្នុងផ្នែកត្រួតពិនិត្យគុណភាពរបស់រោងចក្រស្រាបៀរកម្ពុជា គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ នាំចូលពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។
ឧបករណ៍ទាំងនោះរួមមាន ឧបករណ៍សម្រាប់វាស់សំណើមក្នុងស្រូវសាលី Moisture Analyzer, ឧបករណ៍សម្រាប់ពិនិត្យមើលសារធាតុដែលដកពីក្នុងស្រូវសាលី Mashing Machine, ឧបករណ៍សម្រាប់ពិនិត្យមើលពណ៌ ជាតិល្វីង និងកម្រិតក្លិនដែលមិនចង់បាននៅក្នុងស្រាបៀរ Spectro Photometer, ឧបករណ៍សម្រាប់ពិនិត្យមើលកម្រិតអាកុល និងសារធាតុដែលដកពីក្នុងស្រូវសាលី Alcolyzer, ឧបករណ៍សម្រាប់ពិនិត្យមើលឧស្ម័នកាប៉ូនិចនៅក្នុងកំប៉ុង ឬដប CO2 Meter, ឧបករណ៍សម្រាប់ពិនិត្យមើលឧស្ស៊ីសែននៅក្នុងកំប៉ុង ឬដប O2 Meter, ឧបករណ៍សម្រាប់ពិនិត្យភាពថ្លារបស់ ស្រាបៀរ Haze Meter, ឧបករណ៍សម្រាប់ឆែកមើលជាតិពពុះនៅក្នុងស្រាបៀរ Foam Meter, និងមានឧបករណ៍ជាច្រើនទៀត។
បានជាធ្វើការពិនិត្យគុណភាព ពីព្រោះយើងចង់បានស្រាបៀរមួយ ដែលមានគុណភាពស្ថិតស្ថេរមិនប្រែប្រួល។ អញ្ចឹងដើម្បីទទួលបានគុណភាពស្ថិតស្ថេរមិនប្រែប្រួល យើងត្រូវត្រួតពិនិត្យតាំងពីវត្ថុធាតុដើម ដំណាក់កាលនៃការផលិតនីមួយៗ រហូតដល់ផលិតផលសម្រេច ជាពិសេសវត្ថុធាតុដើមត្រូវតែមានគុណភាពខ្ពស់។
ក្នុងករណីដែលរកឃើញ ឧទាហរណ៍ វត្ថុធាតុដើមមិនត្រឹមត្រូវតាមស្ដង់ដាររបស់ក្រុមហ៊ុន ដូច្នេះយើងមិនអនុញ្ញាតឲ្យប្រើក្នុងផលិតកម្មនោះទេ ហើយយើងនឹងបញ្ជូនទៅឲ្យអ្នកលក់វិញ។
ស្រាបៀរកម្ពុជា មិនថាកំប៉ុង ដប ឬធុងឡើយ គឺមានរសជាតិតែមួយ ទាំងចែកចាយនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ការទទួលបានរសជាតិតែមួយនេះ គឺបានមកពីការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយអ្នកជំនាញខាងផ្នែកពិនិត្យគុណភាពស្រាបៀរ ជាពិសេសការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យគុណភាពកម្រិតស្ដង់ដារអន្តរជាតិ ដែលអាចចង្អុលបង្ហាញពីគុណភាពនៃគ្រឿងផ្សំស្រាបៀរ, ការវិវឌ្ឍនៃទឹកស្រាបៀរពេលឆ្លងកាត់ដំណាក់កាលនីមួយៗនៃសង្វាក់ផលិតកម្ម និងក្រោយពេលផលិតបានជាស្រាបៀរដែលអាចពិសាបាន។
មុខងារមួយទៀតរបស់ផ្នែកត្រួតពិនិត្យគុណភាពរបស់ស្រាបៀរកម្ពុជា គឺរក្សាទុកគំរូសាក គ្រប់ការបញ្ចេញស្រាបៀរទៅកាន់ទីផ្សារមួយលើកៗ។ ការរក្សាទុកសំណាកនេះ គឺដើម្បីតាមដានពីគុណភាពរបស់ស្រាបៀរ ព្រោះក្រុមហ៊ុនខ្មែរ បែវើរីជីស លីមីតធីត មានទំនួលខុសត្រូវជានិច្ចចំពោះផលិតផលរបស់ខ្លួន មិនថាទៅដល់ទីណា ឬកន្លែងណាក៏ដោយ ៕