(សៀមរាប)៖ ចេញពីទឹកដីអង្គរ នៃខេត្តសៀមរាប ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណជនរួមជាតិ ដែលបានផ្ញើសារជូនពរសម្ដេច ក្នុងឱកាសខួបកំណើត គម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអរគុណជនរួមជាតិ ដែលបានគោរពស្រឡាញ់ និងផ្តល់នូវការគាំទ្រចំពោះសម្ដេច ក្នុងការដឹកនាំប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនទៅមុខ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំបានឃើញបងប្អូនកូនក្មួយជាច្រើន បានជូនពរខ្ញុំនៅក្នុងថ្ងៃខួបកំណើត ដែលបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៤ មេសា ១៩៥១ (៤មេសា ១៩៥១-៤មេសា ២០១៨) ដែលពេលនេះខ្ញុំមានអាយុ៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំហើយ។ ខ្ញុំសូមអរគុណ ជនរួមជាតិ និងកូនក្មួយទាំងអស់ ដែលបានគោរពស្រឡាញ់ និងផ្តល់នូវការគាំទ្រចំពោះរូបខ្ញុំក្នុងការដឹកនាំប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋយើងឲ្យកាន់តែរីកចម្រើនទៅមុខ»។
ជាមួយគ្នានេះ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនសូមជូនពរជនរួមជាតិ និងកូនក្មួយទូទាំងប្រទេសជួបតែសេចក្តីសុខ ព្រមទាំងពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕