(សៀមរាប)៖ សំណើ និងអនុសាសន៍អាទិភាពមួយចំនួន ត្រូវបានដាក់ចេញទៅកាន់មេដឹកនាំប្រទេសតាមដងទន្លេមេគង្គ សម្រាប់លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់នេះ។
សំណើ និងអនុសាសន៍ត្រូវបានធ្វើឡើងតាមរយៈសន្និសីទអន្តរជាតិរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី០២ និងទី០៣ ខែមេសា កន្លងទៅនេះ តាមអ្នកចូលរួមប្រមាណជា ៤០០នាក់ មកពីរដ្ឋាភិបាលនៃប្រទេសជាប់ទន្លេមេគង្គ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន និងអង្គការអាងទន្លេដទៃទៀត។
អ្នកចូលរួមសន្និសីទបានវាយតម្លៃខ្ពល់ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដែលជាគោលការណ៍គន្លឹះនៃការគ្រប់ការងារទាំងអស់របស់គណៈកម្មការទន្លេមេគង្គ រាប់ចេញពីការរៀបចំ និងការអនុវត្តគោលការណ៍ណែនាំយុទ្ធសាស្ត្រ និងនីតិវិធី រហូតដល់ការពិនិត្យតាមដានរួមគ្នា ការវាយតម្លៃ និងការរៀបចំរបាយការណ៍ស្ដីពីស្ថានភាពអាងទន្លេនេះ ក៏ដូចជាការធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ ផ្តល់ការគាំទ្រដល់ប្រទេសជាសមាជិកទាំងអស់ មិនត្រឹមតែជួយសម្រេចឲ្យបាននូវការប្តេជ្ញាចិត្តរបស់ជាតិលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពាក់ព័ន្ធនឹងភាពក្រីក្រ គ្រោះអត់ឃ្លាន យេនឌ័រ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួលអាកាសធាតុ បរិស្ថាន សន្តិភាព និង ស្ថាប័ន និងភាពជាដៃគូផងដែរ នេះបើតាមសេចក្តីសន្និដ្ឋានរបស់អ្នកចូលរួមក្នុងសន្និសីទនេះ។
គណៈកម្មការទន្លេមេគង្គ ទទួលស្គាល់ពីតួនាទីដ៏សំខាន់ ដែលការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធនានាមានចំពោះការសម្រេចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយគណៈកម្មការនេះខិតខំផ្តល់ភស្តុតាង ដើម្បីជួយឱ្យការសម្រេចិត្ត និងកិច្ចសហប្រតិបត្តិការកាន់តែមានលក្ខណៈល្អប្រសើរជាងមុន សំដៅគាំទ្រដល់បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គនេះ ខណៈពេលដែលប្រទេសទាំងនេះកំពុងធ្វើការសម្រេចចិត្តអំពីភាពទ្វេគ្រោះ (ជម្រើសរវាងការខាតបង់ និងអត្ថប្រយោជន៍) និងរបៀបធ្វើការងាររួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឧទាហរណ៍ អ្នកចូលរួមនៅក្នុងសន្និសីទនេះយល់ឃើញថា ការសិក្សាស្ដីពីការគ្រប់គ្រងទន្លេមេគង្គប្រកបដោយចីរភាព ដែលចំណាយពេលប្រាំមួយឆ្នាំ ហើយដែលគណៈកម្មការទន្លេមេគង្គ ទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ បានបង្ហាញពីព័ត៌មានវិទ្យាសាស្ត្រសំខាន់ៗជាច្រើន សម្រាប់ណែនាំដល់ការតាក់តែងគោលនយោបាយ ហើយទន្ទឹមគ្នានេះការសិក្សានេះក៏លើកឡើងពីចំណុចខ្វះខាតផងដែរ។
លទ្ធផលនៃការសិក្សានេះបង្ហាញឲ្យឃើញពីអត្ថប្រយោជន៍ជាវិជ្ជមានផង និងផលប៉ះពាល់ជាអវិជ្ជមានផង ចេញពីការអភិវឌ្ឍគ្រោងនឹងធ្វើឡើង។ ការឆ្លើយតបចំពោះផលប៉ះពាល់អវិជ្ជមានឆ្លងដែនទាំងនេះ ទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នាខ្លាំងជាងមុន ដូចជាការរៀបចំផែនការ និងគម្រោងឲ្យបានល្អបំផុត ដើម្បីសម្រេចនូវអត្ថប្រយោជន៍ឲ្យបានច្រើនបំផុត និងកាត់បន្ថយការខាតបង់នានាឲ្យតិចតួចបំផុត រៀបចំឲ្យមានវិធានការកាត់បន្ថយផលប៉ះពាល់ និងធ្វើការវាយតម្លៃពីជម្រើសផ្សេងទៀតសម្រាប់រៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលឆ្លើយតបចំពោះបញ្ហាសន្តិសុខទឹក-ស្បៀង-ថាមពល និងគម្រោងទាំងឡាយណាដែលប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង អាចផ្ដល់ហិរញ្ញប្បទាន និងមានភាពជាម្ចាស់រួមគ្នាបាន។
ចុងក្រោយ ស្របគ្នានឹងការផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងភាពជាដៃគូ នៅក្នុងសន្និសីទអន្តរជាតិនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈព្រមព្រៀងចំនួនពីររវាងគណៈកម្មការទន្លេមេគង្គ និងគណៈកម្មការសង្គមកិច្ច និងសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងការិយាល័យសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) ផងដែរ។
គណៈកម្មការទន្លេមេគង្គ នឹងសហការជាមួយ ESCAP ដើម្បីកំណត់ និងវាយតម្លៃហានិភ័យគ្រោះមហន្តរាយកាត់បន្ថយហានិភ័យទាំងនេះ និងត្រៀមរៀបចំ ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ដោយឡែកចំពោះកិច្ចព្រមព្រៀងជាមួយ UNOPS គណៈកម្មការទន្លេមេគង្គ នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មផ្នែកលទ្ធកម្ម និងការស្វែងរកជំនួយសម្រាប់គម្រោងទាំងឡាយក្នុងអាងទន្លេមេគង្គជាដើម។
សារសំខាន់ៗ និងអនុសាសន៍ចេញពីសន្និសីទអន្តរជាតិនេះ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់គណៈកម្មការទន្លេមេគង្គ ដែលនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃស្អែក ពោលគឺថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៨ និងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ដែលមានការចូលរួមពីប្រមុខរដ្ឋាភិបាលមកពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងដៃគូសន្ទនានានា នៅថ្ងៃព្រហស្បតិ៍ ទី ៥ ខែ មេសា ឆ្នាំ ២០១៨ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា៕