(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសស្វាគមន៍ ចំពោះជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដើម្បី ជួយបម្រើឲ្យប្រយោជន៍ សម្រាប់ជនមានពិការភាពនៅកម្ពុជា។ លោក ឯម ច័ន្ទមករា បានបន្ថែមថា គម្រោងផ្តល់ថវិកាជំនួយមនុស្សធម៌នេះ ដើម្បីចូលរួមអភិវឌ្ឍន៍ទីតំបន់ជនបទ ដែលជនមានពិការភាពមួយចំនួន តែងជួបប្រទះ ដូចជាជម្រាល ផ្លូវដើរ ផ្លូវរទះ បន្ទប់អនាម័យជាដើម ដែលជារបាំងរបស់ជនមានពិការភាព។
ការប្រកាសជំហរស្វាគមន៍របស់ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនេះ បានធ្វើឡើងខណៈ លោក បានជួបសំណេះសំណាល ជាមួយ លោក ស៊ីងហ្គូជិ ស៊ីងតារ៉ូ តំណាងស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសង្គមកិច្ច។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ក្រសួងការបរទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើក គម្រោង «សន្តិសុខមនុស្សជាតិ» ផ្តល់ថវិកាឥតសំណង ចំនួន១លានយ៉េន ស្មើនឹងប្រមាណ៩ម៉ឺនដុល្លាអាមេរិក ដល់មន្ទីរនានា ដើម្បីជួយដល់ ការសាងសង់ ឬផ្តល់ឧបករណ៍នានាដែលបម្រើឱ្យផលប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា។ ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈការធ្វើបទបង្ហាញដោយមន្ត្រីតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា សន្យាថានឹងផ្សព្វផ្សាយដល់ប្រធានមន្ទីរសង្គមកិច្ចគ្រប់រាជធានីខេត្ត-ក្រុង ដើម្បីរៀបចំគម្រោងស្នើសុំថវិកានេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានជំនួយ ឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដើម្បីយកមក អភិវឌ្ឍន៍ និងជួយដល់ជនមានពិការភាពនៅតាមជនបទទូទាំងប្រទេសកម្ពុជា ទទួលបានភាពងាយស្រួល និងល្អប្រសើរ ក្នុងការរស់នៅជាងមុន។
គួរបញ្ជាក់ថា ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គឺជាជំនួយផ្តល់ការឧបត្ថម្ភឥតសំណង ដល់អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសុខាភិបាល សាលារៀន និងអង្គការមិនស្វែងរកកម្រៃទាំងឡាយ ដើម្បីអនុវត្តន៍ គម្រោងអភិវឌ្ឍន៍នានា នៅតាមកម្រិតសហគមន៍មូលដ្ឋានជនបទ៕