(សៀមរាប)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីពិនិត្យឡើងវិញលើលទ្ធផលដែលគណៈកម្មការទន្លេមេគង្គ សម្រេចបានចាប់ពីកិច្ចប្រជុំកំពូលមេគង្គ លើកទី២ នៅប្រទេសវៀតណាម។
កិច្ចប្រជុំនេះ មានការចូលរួមពី រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ, រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គថៃ, រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិ ទន្លេមេគង្គវៀតណាម តំណាងដៃគូសន្ទនា ចិន មីយ៉ាម៉ា តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ សរុប១៥០រូប។
កិច្ចប្រជុំនេះ ក្រៅពិនិត្យឡើងវិញលើលទ្ធផលដែលគណៈកម្មការទន្លេមេគង្គ សម្រេចបានចាប់ពីកិច្ចប្រជុំកំពូលមេគង្គ លើកទី២ នៃការអនុត្តសេចក្តីថ្លែងការណ៍ ក្រុងហូជីមិញ ក៏មានការពិនិត្យ និងផ្តល់ការឯកភាពរបស់ថ្នាក់រដ្ឋមន្ត្រីលើសេចក្តីព្រាង សេចក្តីថ្លែងការណ៍ក្រុងសៀមរាប ព្រមទាំងស្តាប់នូវចំណាប់អារម្មណ៍ ស្តីពី ការលើកកំពស់កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូ របស់រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងរបស់តំណាងប្រទេសជាដៃគូសន្ទនា ចិន មីយ៉ាន់ម៉ា តំណាងដៃគូអភិវឌ្ឍន៍របស់គណ:កម្មការទន្លេមេគង្គ និងអគ្គលេខាធិការអាស៊ាន។
រដ្ឋមន្ដ្រី លឹម គានហោ បានសម្ដែងនូវសេចក្តីរីករាយដែលបានឃើញការសន្ទនាយ៉ាងសកម្ម និងបើកចំហរក្នុងអំឡុងពេលនៃការជួបជុំនេះ ហើយសូមធ្វើការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវធាតុចូលដ៏មានតម្លៃចូលទៅក្នុងការពិភាក្សា ដែលរាល់គំនិត និងការយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការរៀបចំ និងការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៣ នៅថ្ងៃស្អែក។
បើតាមលោក លឹម គានហោ ទាំងនេះគឺមានសារសំខាន់ដែលប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ នឹងពិនិត្យឡើងវិញ នូវការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់ ចំពោះគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គ និងកំណត់អាទិភាពយុទ្ធសាស្រ្តដែលត្រូវគ្នាសម្រាប់រយៈពេល៤ឆ្នាំខាងមុខ រហូតដល់កិច្ចប្រជុំកំពូល នៃគណៈកម្មការទន្លេមេគង្គលើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២៕