(សៀមរាប)៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតចូលជិតមកដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏បានរៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ ជាមួយនឹងការរំពឹងថានឹងទទួលបានភ្ញៀវទេសចរប្រមាណ ២លាននាក់ និងនាំមកនូវចំណូលជាង ១០០លានដុល្លារអាមេរិក។

ជាក់ស្ដែង នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដោយសហភាពសហព័ន្ធយុវជនកម្ពុជា ព្រះសង្ឃ សិស្ស-និស្សិត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ ត្រូវបានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ក្រោមប្រធាន «សាទរមរតកដូនតា»។

លោក សុខ សប្បាយណា ប្រធានប្រតិបត្តិ ស.ស.យ.ក បានឲ្យដឹងថា អ្វីដែលមិនមានភាពទាក់ទាញខ្ពស់នៅឆ្នាំមុន ក្រុមយុវជន ស.ស.យ.ក បាននិងកំពុងខិតខំធ្វើឲ្យមានការទាក់ទាញ កាន់តែខ្លាំងនៅឆ្នាំនេះ។ ក្រៅពីយុទ្ធនាការបំបែកឯកទគ្គកម្មក្រមាវែងជាងគេនៅលើពិភពលោក កម្មវិធីអង្គរសង្ក្រាន្តក៏មានរៀបចំកន្លែងងូតទឹកត្រជាក់ៗ ដែលមានឈ្មោះថា តោះៗលេងទឹក វ៉ៃបុកធ្លាក់ទឹក បវរកញ្ញាធ្លាក់ទឹក មុខហនុមានដ៏ធំជាងគេ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិល្បៈល្ខោនខោល។ ស.ស.យ.ក បានចាត់តាំង និងពង្រាយយុវជន-យុវនារីកម្ពុជាជាង ៤ពាន់នាក់ ដែលចំនួននេះមានការកើនឡើងច្រើនជាងឆ្នាំមុន។

លោក ជា បូរ៉ា បានបង្ហាញការរំពឹងទុកថា អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២លាននាក់ ចូលរួមខណៈដែលឆ្នាំមុនមានភ្ញៀវជាតិ-អន្តរជាតិចូលរួមប្រមាណ ១.៦លាននាក់។ លោកថា តាមការរំពឹងទុក អង្គរសង្ក្រាន្តឆ្នាំនេះនឹងអាចនាំមកនូវចំណូលជាង ១០០លានដុល្លារ ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប។

លោករដ្ឋលេខាធិកា បានបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ និងលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ជាតិផងដែរនោះ គឺជាមហាព្រឹត្តិការណ៍ទេសចរណ៍ (Mega Event) ជាផលិតផលទេសចរណ៍មួយ ចូលរួមដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ជា បូរ៉ា អះអាងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តលើកទី៦ បង្ហាញអំពីសារៈសំខាន់ និងតួនាទីដ៏ចម្បងនៃសម្បត្តិវប្បធម៌ជាតិ ប្រកបដោយគុណតម្លៃ ចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ការប្រារព្ធព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយភាពសប្បាយរីករាយ សេចក្តីសុខ សុភមង្គលនៅលើទឹកដីសុវណ្ណភូមិ ប្រកបដោយសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួររំឭកថា ឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ កើនឡើង ១១.៨% និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១លាននាក់ បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP)៕