(កំពង់ធំ)៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានរៀបចំពិធីបំពាក់កន្សែងយុវជនស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជា និងប្រកាសទទួលស្គាល់ យុវជនកាកបាទក្រហម សរុបចំនួន១០៤នាក់ នៅវិទ្យាល័យប្រាសាទបល្ល័ង្ក ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីនេះត្រូវបានប្រារព្ធឡើង ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទេផងដែរ។
លោក សុខ លូ បានលើកឡើងថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់នៅក្នុងប្រទេស និងជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ ជាមួយគ្នានេះដែរ យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍ ធ្វើជាគំរូល្អក្នុងការធ្វើការងារជាក្រុម ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង។
លោកបន្ថែមទៀតថា ខេត្តកំពង់ធំ រៀងរាល់ឆ្នាំតែងតែមានគ្រោះមហន្តរាយកើតមានឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តែងតែធ្វើសកម្មភាពចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ គ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការ នយោបាយគណបក្ស ពណ៌សម្បុរ ជាតិសាសន៍ឡើយ ដោយក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានការបាទក្រហមកម្ពុជា បានធ្វើឲ្យវិស័យមនុស្សធម៌នេះ បានជួយប្រជាពលរដ្ឋក្រីក្រ និងអ្នកជួបគ្រោះធម្មជាតិបានគ្រប់ទីន្លែង ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម»។
លោក សុខ លូ បានផ្តាំផ្ញើដល់យុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ ស្លាប់របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍៕