(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែមេសានេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងគ្រោង និងជំរុញបន្ថែមទៀត ពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញខ្សែកាប្លិ៍អុបទិកលើគោក ដែលកំពុងមានជាង ៣៧ពាន់គីឡូម៉ែត្រ ឲ្យដល់គ្រប់ឃុំទាំងអស់ តាមរយៈការវិនិយោគបន្ថែម របស់ប្រតិបត្តិករឯកជន និងការដាក់ឲ្យអនុវត្ដន៍ កម្មវិធីកាតព្វកិច្ចសកល។
ការបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែល លោក ត្រាំ អ៊ីវតឹក អញ្ជើញចូលរួមជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយការមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីដែលពាក់ព័ន្ធជាច្រើននាក់ទៀត នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។
លោក ត្រាំ អ៊ីវតឹក បានឲ្យដឹងថា ការអភិវឌ្ឍខ្សែកាប្លិ៍ក្រោមបាតសមុទ្រ និងខ្សែកាប្លិ៍អុកទិកលើគោក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយគម្លាតឌីជីថតរវាងទីប្រជុំជន និងជនបទ។ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ប្រទេស ម៉ាឡេស៊ី កម្ពុជា ថៃឡងដ៏ ត្រូវបានស្ថាបនាឡើងប្រវែង១,៣០០គីឡូម៉ែត្រ និងត្រូវបានតភ្ជាប់ដែលមានអនុញ្ញាតឲ្យមានការពង្រីកសមត្ថភាព នៃលំហូរទិន្នន័យដ៏ធំទូលាយ និងមានល្បឿនលឿន។
លោកបញ្ជាក់ផងដែរថា គិតមកដល់បំណាច់ឆ្នាំ២០១៧ អត្រានៃអ្នកជាវស៊ីមកាត (Sim Cards Sold Out) ទូរស័ព្ទចល័ត មានចំនួនប្រមាណជាង១៨លាន ៥៧៩ ពាន់លាន ស្មើនឹង ១១៧.៣៤ ក្នុងប្រជារាស្ដ្រ ១០០នាក់ គ្របដណ្ដប់នៅទីប្រជុំជន ១០០%។ អត្រានៃការជាវសេវា ប្រើប្រាស់អ៊ីនធឺណេត មានចំនួនប្រមាណ ១០.៧លាននាក់ ស្មើនឹង ៦៧.៥៧ ក្នុងប្រជារាស្ដ្រ១០០នាក់។
រដ្ឋមន្ដ្រីបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញកាប្លិ៍អុកទិក បានកើនដល់ប្រមាណជាង ៣៧,៤៤១ គីឡូម៉ែត្រ កំពុងពង្រឹកវិសាលភាពគ្របដណ្ដប់ តាមបណ្ដាខេត្ត និងត្រូវបានតភ្ជាប់ ទៅប្រទេសវៀតណាម ឡាវ និងថៃឡងដ៏ ក្នុងប្រវែងនេះ រួមមាន៖ ទី១៖ សហគ្រានទូរគមនាគមន៍កម្ពុជា ប្រវែង ២៤,១០០ គីឡូម៉ែត្រ, ទី២៖ ក្រុមហ៊ុន CFOCN ប្រវែង ១៣,០៣១ គីឡូម៉ែត្រ និងទី៣៖ ក្រុមហ៊ុន VIETTEL ប្រវែង ២២,០០០គីឡូម៉ែត្រ។
បច្ចេកវិទ្យា 4G/LTE ត្រូវបានដាក់ដំណើរការ នៅរាជធានី-ខេត្តទាំង២៥ គ្របដណ្ដប់ផ្ទៃដីស្ទើរតែ ៦០% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ បច្ចេកវិទ្យាកម្រិតខ្ពស់ 4.5/LTE Adavnced ត្រូវបានប្រកាសដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ ដែលអនុញ្ញាតឲ្យយុវជនយើង រីករាយជាមួយការប្រើប្រាស់ សេវាអ៊ីនធីណេតល្បឿនលឿន និងតម្លៃសមរម្យក្នុងតំបន់។
ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ឆ្នាំ២០១៧ បរិមាណបញ្ញើទទួលបានសរុបជាង ៦៧៩ពាន់បញ្ញើ និងបរិមាណបញ្ញើបញ្ជូនចេញសរុបជាង ៧៧០ពាន់បញ្ញើ។ ចំណូលសរុបរបស់ប្រៃសណីយ៍កម្ពុជា បានចំនួនជាង ៨លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងប្រមូលចំណូលបានជាង ១១៨,៥៣៣លានរៀល ស្មើនឹងជាង ៧១% នៃផែនការឆ្នាំ។ ចំណាយសរុបចំនួនជាង ៧៤,៥៨៧លានរៀល។ បំណុលត្រូវបន្ដទារ ជាប្រាក់ដុល្លារមានចំនួនជាង ៤៤,៤២៤,០០០ដុល្លារអាមេរិក និងជាប្រាក់រៀលចំនួនជាង ៩៤,៥២២,០០០រៀល៕