(ប៉ៃលិន)៖ ហាងលក់បាយ និងភេសជ្ជៈជាប់ៗគ្នា២ទៅ៣កន្លែង ដែលគេដឹងថា ជនជាតិថៃ និងជនជាតិចិន បានជួលធ្វើអាជីវកម្មនោះ មានលើកស្លាកយីហោជាអក្សរចិន និងអក្សរថៃ សង្ស័យថា គ្មានច្បាប់អនុញ្ញាត ចំណែកអាជ្ញាធរ ក៏មិនអើពើបណ្តោយឲ្យជនបរទេសដាក់ស្លាកយីហោ ជាអក្សរចិន និងអក្សរថៃ ដោយពុំមានអក្សរខ្មែរមួយតួនោះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូលទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិព្រំ ខេត្តប៉ៃលិន។
ការលើកស្លាកយីហោជាអក្សរបទេស ដោយពុំមានអក្សរខ្មែរមួយតួនោះ បានធ្វើមហាជនដែលធ្វើដំណើរឆ្លងកាត់ ក៏ជាដូចពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ បានរិះគន់យ៉ាងខ្លាំងៗថា ការគ្រប់គ្រង់ជនបរទេស នៅមានភាពខ្សោយនៅឡើយ។
ប្រជាពលរដ្ឋដែលរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ និងមន្ត្រីរាជការមួយចំនួន បានលើកឡើងថា សព្វថ្ងៃនៅភូមិផ្សារព្រំ មានជនជាតិចិនជាង១០០នាក់ ដែលបានធ្វើការរកស៊ី នៅតាមកាស៊ីណូ បើកហាងលក់បាយ ដោយជនជាតិទាំងនោះ បានលើកស្លាកយីហោ ជាអក្សរបទេសទាំងស្រុង ហើយគេពុំដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណា អើពើឡើយ ជាពិសេសគឺហាងលក់បាយ និងភេសជ្ជៈ ដែលមានទីតាំងទល់មុខ កាស៊ីណូម្គុដពេជ្រ ជាប់ផ្លូវជាតិលេខ៥៧ ជិតច្រកទ្វាព្រំដែនអន្តរជាតិព្រំផងដែរ។
បើតាមប្រជាពលរដ្ឋ ការគ្រប់គ្រង់រដ្ឋបាលនៅខេត្តប៉ៃលិន ពាក់ព័ន្ធបញ្ហាអក្សរបទេសនេះដែរ គឺនៅមានកម្រិត ហើយជនបទេសមករកស៊ី នៅខេត្តប៉ៃលិន មិនគួរអនុញ្ញាតឲ្យលើកស្លាកយីហោ ជាភាសារបរទេសឡើយ គឺត្រូវតែដាក់ស្លាកយីហោជាអក្សរជាតិខ្មែរនៅពីលើ ហើយអក្សរបរទេស នៅពីខាងក្រោម ទើបត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ពួកគាត់ក៏បានឲ្យភ្នាក់ងារព័ត៌មាន Fresh News ជួយចុះផ្សាយ ដើម្បីឲ្យថ្នាក់ជាតិបានដឹង និងពិនិត្យក្រែងមានជនអន្តោប្រវេសន៍ខុសច្បាប់ មកស្នាក់នៅមូលដ្ឋានខាងលើផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមេសានេះ ថា៖ លោកបានដឹងព័ត៌មានទាំងនេះដែរ ជាបន្តលោកនឹងធ្វើរបាយការណ៍ទៅថ្នាក់ខេត្ត និងមន្ទីរជំនាញឲ្យបានជ្រាបផងដែរ ចំណែកការលើកស្លាកយីហោ ជាអក្សរចិន និងអក្សរថៃ គឺក្នុងនាមអាជ្ញាធរស្រុក និងធ្វើការសម្របសម្រួលដាក់ជាអក្សរជាតិខ្មែរតាមគោលការច្បាប់ និងដាក់អក្សរបរទេសពីក្រោមវិញ។
ចំណែកលោកស្រី ស្រ៊ី ឌី ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ក៏បានបញ្ជាក់ផងដែរថា លោកស្រីមិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ ហើយលោកស្រីនឹងចុះទៅពិនិត្យទីតាំងខាងលើ ដោយលោកស្រីបញ្ជាក់ថា កន្លងមកក្នុងពេលចុះជំរឿនគឺមិនមានករណីនេះទេ ប្រហែលជាទើបនិងដាក់ថ្មីនេះ។
លោកស្រីប្រធានមន្ទីរ បានបញ្ជាក់ផងដែរពាក់ព័ន្ធជនបទេស ដែលមកធ្វើអាជីវកម្មលក់ដូរនៅទឹកដីខេត្តប៉ៃលិន ដោយជនបទេសខ្លះ រស់នៅលើដីខ្មែរ តែចាយប្រាក់ថៃ(លុយបាត) ដោយមិនទូរទាត់ជាលុយខ្មែរក៏មានដែរ។ ជាមួយបញ្ហាដែលពាក់ព័ន្ធ និងអក្សរបរទេសនេះ លោកស្រីប្រធាននឹងចុះទៅពិនិត្យ ដោយសហការជាអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធផងដែរ (សម្ភាសលោកស្រី ស្រ៊ី ឌី ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន)៕