(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ លោក ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បាននាំអំណោយសមាគមសិស្ស និស្សិត បញ្ញវ័ន ក្មេងវត្ត ចុះសួរសុខទុក្ខចែកជូនអតីតក្មេងវត្ត៧២នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅវត្តពិភិទ្ធារាមក្រុងបាត់ដំបង ដោយមានការចូលរួមពីលោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្ត ជាប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវ័ន ក្មេងវត្ត ប្រចាំខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្រ្តីរាជការ និងអតីតក្មេងវត្តក្នុងបាត់ដំបងផងដែរ។
លោក ហេង ជំនិត បានបញ្ជាក់ថា សមាគមសិស្ស និស្សិត បញ្ញវ័នក្មេងវត្តនេះ បង្កើតឡើងដោយសម្តេចតេជោនាយកមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ មកទល់បច្ចុប្បន្ន ដែលមានលោក ហ៊ុន ម៉ានិត ជាប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍។
លោកប្រធានសាខាបានបញ្ជាក់ថា បច្ចុប្បន្នសមាគមសិស្ស និស្សិត បញ្ញវ័នក្មេងវត្តមានសមាជិកទូទាំងប្រទេសសរុប២០០៨អង្គ/នាក់ ក្នុងនោះសមាជិកសមាគមសិស្ស និស្សិត បញ្ញវ័នក្មេងវត្តប្រចាំខេត្តបាត់ដំបង មានសមាជិកចំនួន២៥០អង្គ/នាក់ នឹងត្រូវបង្កើតឡើងនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧កន្លងមក។ ហើយសមាគមនេះបានធ្វើសកម្មភាពរបស់ខ្លួនជួយដល់ជនក្រីក្រ សិស្ស និស្សិត ស្នាក់នៅក្នុងវត្តនានាបានជាច្រើននាក់កន្លងមក។
លោកប្រធានបានបន្តថា ជាក់ស្តែងថ្ងៃនេះសមាគមយើងបានចុះសួរសុខទុក្ខនិងនាំអំណោយទៅចែកជូនអតីតក្មេងវត្តចំនួន៧២នាក់ក្នុងនោះមានតាជីយាយជី៦នាក់ មកពី៨វត្តក្នុងក្រុងបាត់ដំបងដោយម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ស៊ីអ៊ីវ២យួរ សម្រាប់យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោកឱកាសនោះ លោក ច័ន្ទ សុផល បានសម្តែងនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារសមាគមប្រចាំខេត្តបាត់ដំបងដែលបានធ្វើកិច្ចការមនុស្សធម៌នេះបានល្អប្រសើរកន្លងមក ទោះជាអំណោយនេះមានតិចតួចក្តី តែវាជាកាយវិការមួយដ៏ល្អ ចេះជួយគ្នាក្នុងគ្រាពេលខ្វះខាត មួយរយៈដែរ ហើយជួយបង្កើតធនធានមនុស្សតាមរយៈសកម្មភាពសមាគម បានជួយដល់សិស្ស និស្សិតកំពុងស្នាក់នៅក្នុងវត្តដើម្បីរៀនសូត្រក្របយកចំណេះដឹងសម្រាប់យកទៅបម្រើប្រទេសជាតិទៅថ្ងៃក្រោយ។
ជាថ្មីម្តងទៀតលោក ច័ន្ទ សុផល បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំង២ ដល់អតីតក្មេងទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងឈានចូលមកដល់ខាងមុខនេះ សូមជួបតែសុខសប្បាយ សម្រេចការងារអ្វីសូមឲ្យបានសម្រេចដូចបំណងប្រាថ្នា រួចគណអធិបតីបានចែកអំណោយដល់អតីតក្មេងនិងថតរូបជាអនុស្សាវរីយ៍ផងដែរ៕