(តាកែវ)៖ ប្រជាពលរដ្ឋ៥៦គ្រួសារ ដែលរស់នៅអមសងខាងផ្លូវជាតិលេខ២ កែងផ្លូវលេខ២៤ និងផ្លូវលេខ២៩ ស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាផ្ដឹតមេដៃប្ដឹងលោក ហ៊ួត ប៊ុនលីម ប្រធានភូមិបាលក្រុងដូនកែវ ទៅលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិមិនប្រក្រតីលើដីសាធារណៈរបស់រដ្ឋ ឲ្យថៅកែសាំងក្នុងខេត្តតាកែវ ឈ្មោះ ណុប ម៉ារីយ៉ាន អាយុ៥០ឆ្នាំ និងប្ដីឈ្មោះ នួន ផុន អាយុ៥៣ឆ្នាំ។
យោងតាមពាក្យបណ្ដឹងទៅលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ដែល Fresh News បានទទួលនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមប្រជាពលរដ្ឋទាំង៥៦គ្រូសារ បានអះអាងថា ដីដែលលោកប្រធានភូមិបាលក្រុងដូនកែវ ចេញប្លងកម្មសិទ្ធិនេះ ត្រូវបានលោកចៅសង្កាត់រកាក្រៅ ធ្វើលិខិតបញ្ជាក់អះអាងថា ជាដីសាធារណៈរបស់រដ្ឋ និងមានប្រព័ន្ធលូទឹកស្អុយហូខ្វាត់ខ្វែង ពីផ្ទះប្រជាពលរដ្ឋចូលមកក្នុងលូដីសាធារណៈនេះ។ ម្យ៉ាងទៀតដីសាធារណៈនៅចំណុចនេះ ត្រូវបានអភិបាលខេត្តមុនៗ បានបដិសេដមិនឲ្យមានការចេញប្លង់កម្មសិទ្ធិថែមទៀតផង។
ពាក្យបណ្ដឹងប្រជាពលរដ្ឋ បានបន្តថា បើទោះបីជាអភិបាលខេត្តច្រើនជំនាន់ បានបដិសេដមិនចេញប្លង់កម្មនសិទ្ធិលើដីសាធារណៈ ដែលមានប្រព័ន្ធលូខ្វាត់ខ្វែង យ៉ាងណាក៏ដោយស្រាប់តែនៅខែមករា ឆ្នាំ២០១៨ លោក ហ៊ួត ប៊ុនលីម ប្រធានភូមិបាលក្រុងដូនកែវ បានចេញប្លង់កម្មសិទ្ធិមិនប្រក្រតីមួយ ទៅឲ្យប្ដីប្រពន្ធខាងលើ ដោយអាថកំបាំង និងបានចេញច្បាប់អនុញ្ញាតឲ្យសាងសង់សំណង់ជាច្រើនជាន់នៅលើដីនេះ ដែលនាំឲ្យមានការប្រឆាំងជំទាស់តវ៉ា ពីប្រជាពលរដ្ឋជាច្រើនគ្រូសារនៅតំបន់នោះ។
ពលរដ្ឋបញ្ជាក់ថា «ដូច្នោះយើងខ្ញុំជាប្រជាពលរដ្ឋទាំង៥៦គ្រូសារ សូមស្នើឯកឧត្តមរដ្ឋមន្រ្តី ជួយអន្តរាគមន៍តាមរយៈចាត់មន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ចុះមកស្រាវជ្រាវពីការចេញប្លង់មិនប្រក្រតីនេះ ហើយប្រសិនបើរកឃើញភាពមិនប្រក្រតីពិតប្រាកដមែន យើងខ្ញុំសូមស្នើឯកឧត្តម ចាត់វិធានការណ៍ផ្លូវច្បាប់ និងរដ្ឋបាលចំពោះលោកប្រធានភូមិបាល ក្រុងដូនកែវ ដើម្បីជាគំរូកុំឲ្យមន្រ្តីដទៃទៀតយកតម្រាប់តាម និងសូមរំលាយប្លង់ដែលចេញមិនប្រក្រតីនេះចោលតែម្ដង»។
ពាក់ព័ន្ធពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទៅលោករដ្ឋមន្រ្តី ជា សុផារ៉ា, លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី បានថ្លែងថា លោកមិនទាន់បានទទួលដំណឹងពីក្រសួងនៅឡើយទេ ប៉ុន្តែរឿងនេះលោកបានថ្លែងថា ប្លង់ដីនេះមិនមែននៅលើដីផ្លូវសាធារណៈនោះទេ ពីមុនម្ចាស់កម្មសិទ្ធមានប័ណ្ណស្លាបមាន់។
ក្រោយមកមានការវាស់វែងជាប្រព័ន្ធ មន្ដ្រីជំនាញបានវាស់យកអ័ក្សផ្លូវអស់ហើយ ដីនេះនៅសល់មួយចំណែកដូចជាត្រីកោណ ម្យ៉ាងទៀតដីនេះ ត្រូវបានអភិបាលខេត្ត ដែលជាប្រធានគណៈកម្មាការសូរិយាដីខេត្ត បានសម្រេចលើប្លង់ដីនេះថា មិនពាក់ព័ន្ធលើដីចំណីផ្លូវសាធារណៈនោះទេ។ យ៉ាងណាក៏ដោយនៅថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទាក់ទងសុំការបំភ្លឺពីប្រធានភូមិបាលបាននោះទេ៕