(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន ដែលជាសម្ព័ន្ធមេត្រីភាពជាមួយយោធភូមិភាគ៤ ចុះសួរសុខទុក្ខ និងនាំយកថវិកា និងអំណោយជាច្រើនប្រគល់ដល់នាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានប្រសើរឡើង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ។
លោករដ្ឋមន្រ្តីបានជម្រាបជូន អង្គពិធីពីសភាពការណ៍នយោបាយ និងការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិសេសសម្តេចតេជោតែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយលើកកម្ពស់ ដល់ជីវភាពរស់នៅរបស់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។
លោករដ្ឋមន្រ្តីក៏បាន លើកឡើងពីសភាពការណ៍ទេសចរណ៍នៅកម្ពុជា ពិសេសទេសចរណ៍ខេត្តសៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ ដោយវិស័យទេសចរណ៍ជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង ក្នុងឆ្នាំ២០១៧ កន្លងមក កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥.៦លាននាក់ កើនឡើង ១១.៨% បង្កើតប្រាក់ចំណូលជូនជាតិចំនួន ៣,៦៣៨លានដុល្លារ រួមចំណែកប្រមាណ ១៣% ក្នុងផលិតផលក្នុងស្រុកសរុប (GDP) បង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងការងារដោយប្រយោលជាច្រើនម៉ឺននាក់ទៀត។
លោក ថោង ខុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែកដ៏ខ្លាំងក្លា ក្នុងការរក្សាការពារបូរណភាពទឹកដី និងការពារតំបន់បេតិកភណ្ឌអង្គរ និងតំបន់ជុំវិញ។ កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ គឺត្រូវការពារឲ្យបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងប្រឆាំងដាច់ខាតចំពោះចលនាបដិវត្តពណ៌មិនឲ្យកើតមាននៅកម្ពុជា។
ក្នុងឱកាសសួរសុខទុក្ខនេះ លោករដ្ឋមន្ត្រីបាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ដែលទទួលបានពីសប្បុរសជនជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ ដែលរួមមានថវិកាសរុបចំនួន ៥៣,១៩៥,០០០រៀល ទឹកក្រូច១២០កេះ ទឹកបរិសុទ្ធវីតាល់១១២កេះ ស្រាបៀកម្ពុជា១០៨កេះ មី៥២កេះ ទឹកត្រី៨០យួរ ទឹកស៊ីអ៊ីវ៨០យួរ ត្រីខ៥កេះធំ ប៊ីចេង២៥គីឡូ អំបិល១២០គីឡូ៕