(ភ្នំពេញ)៖ នៅទីបំផុតការបង្កើតចលនាសង្រ្គោះជាតិនៅក្រៅប្រទេសរបស់ក្រុមអ្នកប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ចេញដីកាកោះហៅមនុស្សចំនួន៦នាក់ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងការបង្កើតចលនា សង្រ្គោះជាតិខុសច្បាប់។ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការកោះហៅពាក់ព័ន្ធពីដំណើររឿង ការបង្កើតចលនាសង្រ្គោះជាតិញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨នេះ ដីកាកោះហៅជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបានយកទៅបិទនៅតាមរបងផ្ទះរៀងៗខ្លួន។

ជនសង្ស័យចំនួន៦នាក់ ដែលត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញកោះហៅរួមមាន៖

ទី១៖ លោក សម រង្ស៊ី កោះហៅចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី២៖ លោក អេង ឆៃអ៊ាង កោះហៅចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
ទី៣៖ លោកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី៤៖ លោក ហូរ វ៉ាន់ កោះហៅចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
ទី៥៖ លោក នុត រំដួល កោះហៅចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
ទី៦៖ លោក តុ វ៉ាន់ចាន់ កោះហៅចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក

សូមបញ្ជាក់ថា លោក សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាច្រើនទៀតជាមួយតុលាការ, ដោយក្នុងនោះមានសំណុំដ៏ធំមួយគឺក្បត់ជាតិសន្យាសំងាត់ កាត់ទឹកដីចំនួន៤ខេត្ត ឲ្យវៀតណាម ដែលតំណាងអយ្យការបានចេញដីកាកោះហៅឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងការលួចចុះកិច្ចព្រមព្រៀងសំងាត់ជាមួយឈ្មោះ កុក សរ មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣​ ដោយសន្យាកាត់ទឹកដី០៤ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្គា (ម៉ុងតាញ៉ា) គ្រប់គ្រង៕