(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២១០៨នេះ មានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨។ ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង, លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងនៅក្នុងពិធីនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាលទទួលជោគជ័យ កាន់តែធំធេងថែមទៀតនោះ ទាមទារមន្ទីរសុខាភិបាលត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា វិស័យសុខាភិបាលទាំងសាធារណៈ និងឯកជនត្រូវដើរតួជាដៃគូអភិវឌ្ឍ និងប្រាស្រ័យទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក ព្រមទាំងខិតខំលុបបំបាត់ភាពអនាធិបតេយ្យលើវិស័យនេះ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះមន្ទីរសុខាភិបាល ត្រូវខិតខំពង្រឹងគុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀត នៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅជិតប្រជាជនជាងគេ។
លោកបានលើកឡើងទៀតថា ត្រូវរៀបចំបែងចែក និងគ្រប់គ្រងធនធានមនុស្សឲ្យបានល្អប្រសើរ ធានាថាធនធានមនុស្សគ្រប់កម្រិតបច្ចេកទេស សម្រាប់បម្រើវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាព នៅគ្រប់បណ្តាញសុខាភិបាលទាំងទីក្រុង និងជនបទ។ ដោយឡែកការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាល ដែលជាកាតព្វកិច្ចរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាការចាំបាច់ តែបើមន្ត្រីសុខាភិបាលទាំងអស់ មិនគោរពមនសិក្ខាវិជ្ជាជីវៈសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ទេនោះ វានឹងធ្វើឲ្យប្រជាជនបាត់ជំនឿមកប្រព័ន្ធសុខាភិបាល ហើយក៏ធ្វើឈរបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយដែលទទួលបានក្នុងការអនុវត្តផែនការឆ្នាំ២០១៧កន្លងមក។
លោក តូច ប៉ូលីវ៉ា មានទំនុកចិត្តថាវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង នឹងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពថ្មីៗជាច្រើនថែមទៀត នៅក្នុងការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀត។
លោកវេជ្ជបណ្ឌិត កែ រដ្ឋា បានឲ្យដឹងថា សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៧ ផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាលមានដូចតទៅ៖ ខេត្តស្វាយរៀង មាន៨ស្រុកក្រុង ស្មើរនឹង៨០ឃុំសង្កាត់ ៦៩០ភូមិប្រជាពលរដ្ឋសរុប៦២៣,៨៣៤នាក់ (ស្ត្រី៣២១,៧៦២នាក់) មានស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យខេត្ត១, មន្ទីពេទ្យបង្អែក៤ មានគ្រែសរុប៣៩១ និងមានមណ្ឌលសុខភាព៤៣ ប៉ុស្តិសុខភាព១។ ក្នុងឆ្នាំ២០១៧នេះ មន្ត្រីសុខាភិបាលបានទទួលក្របខ័ណ្ឌប្រចាំឆ្នាំ៣៤នាក់ និងក្របខ័ណ្ឌពិសេស៨៩នាក់ ហើយមន្ត្រីសុខាភិបាលកំពុងបម្រើការងារសរុប៦៩០នាក់ (ស្ត្រី៣៣៨នាក់)៕