(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដែលជំនួបនេះបាន ធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ក្នុងជំនួបនោះ លោក Dato Lim Joch Hoi បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងលេខាធិការអាស៊ាន ក្នុងការជំរុញកិច្ចការងារអាស៊ាន ឲ្យកាន់តែល្អប្រសើរឡើង។
លោក Dato Lim Joch Hoi ក៏បានជ្រាបជូនសម្តេចតេជោ អំពីអាគារថ្មីនៃលេខាធិការអាស៊ាន ដែលមានទីតាំងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលអាគារថ្មីនេះ មានកម្ពស់១៦ជាន់ ហើយមានស្លាបពីរសងខាង និងធំសមស្របដែលអាចប្រើសម្រាប់ កិច្ចការប្រជុំអាស៊ានបាន។ លើសពីនេះទៅទៀតលោកក៏បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា កិច្ចប្រជុំទាំងនេះនឹងមានការកាត់បន្ថយ ដើម្បីធ្វើយ៉ាងណាឲ្យមានការសន្សំសំចៃ ក្នុងការចំណាយផ្សេងៗ ពេលប្រជុំអាស៊ាន ។
ជាកាឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ពន្ធ័ នឹងអាគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន ដែលទើបបង្កើតថ្មីនេះ ហើយសម្តេចតេជោបានយល់ស្រប ថាពិតជាមានការប្រជុំច្រើនមែន ហើយកិច្ចប្រជុំទាំងនោះធ្វើយ៉ាងណាដើម្បីជម្រុញកិច្ចសមាហរណកម្មរបស់អាស៊ាន។
ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានថ្មីនេះ ពិចារណាធ្វើយ៉ាងណាជំរុញពន្លឿនកិច្ចការ ទាំងឡាយណាដែល ថ្នាក់ដឹកនាំកំពូលបានព្រមព្រៀងគ្នារួចមកហើយ និងស្នើឲ្យមានការយកចិត្តទុកដាក់ជាអាទិភាព ចំពោះកិច្ចការសមាហរណកម្មរបស់អាស៊ានតែម្តង ដែលនេះគឺជាអទិភាពរបស់កម្ពុជាផង ក៏ដូចជាបណ្តាលប្រទេសអាស៊ានផងដែរ៕