(សៀមរាប)៖ បន្ទាប់ពីមានកាសែតមួយចំនួនបានចុះផ្សាយថា អ្នកជំនាញបុរាណវិទ្យាបានរកឃើញប្រាសាទថ្មីឈ្មោះ «ចន្ទគីរី» ស្ថិតក្នុងភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាបរួចមកនោះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការលើកឡើងនោះមិនត្រឹមត្រូវឡើយ ប្រាសាទនោះមានឈ្មោះថា «ប្រាសាទតាឡី» បានចុះក្នុងបញ្ជីសារពើភណ្ឌប្រាសាទអស់ទៅហើយ។
លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទនេះធ្លាប់បានស្រាវជ្រាវ និងចងក្រងជាឯកសារអំពីឈ្មោះ ប្រវត្តិ និងទីតាំង ដោយជនជាតិបារាំងលោក LUNET DE LA JONQUIÈRE តាំងពីឆ្នាំ១៩១១ មកម្ល៉េះ។
ក្រោយមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយសាលាបារាំងចុងបូព៌ា បានចុះធ្វើបញ្ជីសារពើភណ្ឌបុរាណវិទ្យាប្រទេសកម្ពុជា ខេត្តសៀមរាប បោះពុម្ពនៅខែធ្នូ ឆ្នាំ២០១១ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទតាឡី ស្ថិតក្នុងភូមិគោកចន្ទ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ស្ថិតនៅចម្ងាយ ១៥គីឡូម៉ែត្រ ពីប្រាសាទភូមិប្រាសាទ។
ប្រាសាទនេះមានកំពែងពីរជាន់ ក្នុងនោះលក្ខណសំខាន់ៗនៃប្រាសាទ រួមមាន ប៉មមួយមានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ធ្វើពីឥដ្ឋអមដោយបង្អូចពីរធ្វើពីថ្មបាយក្រៀម។ ប៉មនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រ័យមួយធ្វើពីថ្មបាយក្រៀម ដំបូលពីឥដ្ឋបែរមុខទៅលិច មានយ៉និងស៊ុមទ្វារធ្វើអំពីថ្មភក់ ស្ថិតនៅជ្រុងអាគ្នេយ៍។
ថែវមួយធ្វើពីថ្មបាយក្រៀមមានសសរធ្វើពីថ្មភក់ខាងក្នុង ខ្លោងទ្វារកំពែងពីរមានច្រកចូលមួយ ស្ថិតនៅខាងលិច និងខាងកើត។ ខ្លោងទ្វារកំពែងបញ្ឆោតពីរធ្វើពីថ្មបាយក្រៀមស្ថិតនៅខាងជើង និងខាងត្បូង។ ខ្លោងទ្វារនេះមានដំបូលធ្វើពីឥដ្ឋដែរ។
ហោបន្ទាត់ទ្រូងមួយមានទ្វារចំហៀង និងខ្លោងទ្វារកំពែងមួយធ្វើពីឥដ្ឋ។ កំពែងទីពីរនិងខ្លោងទ្វារកំពែងមួយធ្វើពីថ្មបាយក្រៀមមានច្រកបី។ ខ្លោងទ្វារនេះមានបន្ទប់កណ្តាលមួយ និងបន្ទប់អមពីរបែរទៅកើត និងទៅលិច។ ស្រះតូចមួយមានគែមលម្អរពីថ្មបាយក្រៀមស្ថិតនៅឦសាន។ នៅខាងកើតប្រាសាទមានបារាយពីរ។ ស្រះពីរស្ថិតនៅបន្តបន្ទាប់គ្នាខាងកើត។
លោក រដ្ឋា បន្តទៀតថា ចំពោះការហៅឈ្មោះប្រាសាទចន្ទគិរីនោះ គឺប្រហែលអ្នកស្រុកហៅដោយផ្អែកលើឈ្មោះវត្ត និងអាស្រមដែលទើបសាងសង់ នាពេលថ្មីៗប៉ុណ្ណោះ ព្រោះមិនមានឈ្មោះនេះឡើយ នៅលើទីតាំងដូចគ្នាក្នុងបញ្ជីសារពើភណ្ឌប្រាសាទ។ លើសពីនោះ កាសែតនេះក៏មិនបានបញ្ជាក់ពីឈ្មោះ និងតួនាទីរបស់អ្នកបុរាណវិទ្យាណាម្នាក់មកអះអាងដែរ។
អាជ្ញាធរជាតិអប្សរា ក៏បានទៅពិនិត្យមើលស្ថានភាពប្រាសាទនេះ តែមិនទាន់មានគម្រោងក្នុងការអភិរក្ស ជួសជុលនៅឡើយដោយសារកត្តាជាច្រើន ហើយក៏មិនបានបោះបង់ប្រាសាទនេះចោលឱ្យនៅឯកាដែរ។ ម្យ៉ាងវិញទៀត ប្រាសាទតាឡី ក៏មិនមានការលួចបំផ្លាញបន្តទៀតដែរ ក្រៅពីភាពទ្រុឌទ្រោមនៃអាយុកាល និងសង្គ្រាម ហើយក៏សង្កេតឃើញថាមានអ្នកភូមិបានរៀបចំពិធីឡើងគ្រូ បញ្ជាន់អារក្ស សុំទឹកភ្លៀងនៅប្រាសាទតាឡីទៀតផង៕