(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានបន្ដដឹកនាំក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ឥឡូវនេះ ផ្តល់ឲ្យបានច្រើនដង» ដើម្បីរួមចំណែកជួយជនរងគ្រោះទាំងឡាយដែលត្រូវការឈាម ដែលមានការចូលរួមឧបត្ថម្ភធំ ពីក្រុមហ៊ុនទឹកពិសា វីតាល់។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា នេះជាពិធីដ៏វិសេសវិសាល និងមានតម្លៃមួយក្នុងឱកាស ដែលបុគ្គលិករបស់មន្ទីរពេទ្យកាល់ម៉ែតកំពុងតែមមាញឹក ក្នុងការសង្រ្គោះជីវិតថែទាំ និងព្យាបាលជំងឺដោយប្រើប្រាស់អស់កម្លាំងកាយ កម្លាំងចិត្តក្នុងភារកិច្ចរបស់ខ្លួន ហើយបានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីសង្រ្គោះអ្នកជំងឺដោយផ្ទាល់ ដែលជាកាយវិការមនុស្សធម៌ និងជាគំរូដ៏ល្អមួយគួរឲ្យកោតសសើរបំផុត។
ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកមានមោទនភាព និងសូមវាយតំលៃខ្ពស់ចំពោះកាយវិការ ដែលសំដែងនូវការគាំទ្រគោលនយោបាយផ្តល់ឈាម ដោយស្ម័គ្រចិត្តរបស់ក្រសួងសុខាភិបាលជាពិសេសគាំទ្រ នយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្តល់ អទិភាពដល់វិស័យសុខាភិបាលពិសេសចំពោះសុខមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់ លោកមានកិត្តិយសក្រៃលែង ដោយបានរួមសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យដ៏ធំមួយ និងក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់ ដើម្បីលើកកំពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនៅក្នុងមន្ទីរ ពេទ្យកាល់ម៉ែតនាថ្ងៃនេះ។ ក្នុងគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាមមានសុវត្ថិភាព ក្នុងបរិមាណគ្រប់គ្រាន់ ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។
លោក ហុក គីមចេង ក៏បានថ្លែងអំណរគុណដល់បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្រ្តីរាជការទាំងអស់ ដែលចូលរួមចំណែកក្នុងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនវីតាល់ពិតជារីករាយ និងកោតសរសើរដល់ទឹកចិត្តមន្ត្រីរាជការ សិស្សានុសិស្ស និងពោលទាហានទាំងឡាយតាម ស្ថាប័នរដ្ឋនានា ដែលមានបានចូលរួមចំណែកយ៉ាងសកម្ម កម្មវិធីមនុស្សធម៌ ដែលទង្វើរជាគំរូរដ៏ល្អសម្រាប់ប្រជាពលរដ្ឋដទៃ។ ដើម្បីជាការតបស្នងដល់ការគាំទ្រ របស់អតិថិជន វីតាល់ក្នុងមូលនិធិ២៥៛ ក្នុងមួយដបក្រុមហ៊ុន នឹងរៀបចំនូវកម្មវិធីមនុស្សធម៌ជាច្រើនបន្ថែមឲ្យកាន់តែច្រើនបន្ថែមទៀត នៅក្នុងឆ្នាំ២០១៨នេះ៕