(សៀមរាប)៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ របស់គណៈកម្មការសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) បានបញ្ចប់ដោយជោគជ័យ ក្នុងរយៈពេលមួយថ្ងៃកន្លះ ជាមួយនឹងការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ស្តីពីសុខភាព និងសុវត្ថិភាពការងារជូនដល់ប្រទេសអាស៊ានដទៃផងដែរ។

កិច្ចប្រជុំនេះ បានបញ្ចប់នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ក្នុងនោះក៏មានការចូលរួមពីបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេសបូកបី រួម មានរដ្ឋការនៃរដ្ឋបាលផ្នែកសុវត្ថិភាពការងារនៃសាធារណរដ្ឋប្រជាមានិតចិន (SAWC) ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារនៃសាធារណរដ្ឋកូរ៉េ (KOSHA) និងក្រសួងសុខាភិបាលការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន (MHLW) អង្គការអន្តរជាតិខាងការងារ (ILO) សមាគមអធិការកិច្ចការងារអន្តរជាតិ (IALI) អង្គការសុខភាព និងសុវត្ថិភាពការងារអាស៊ីប៉ាស៊ីហ្វិក (APOSHO) ដែលជាអង្គការដៃគូរអាស៊ានអូស្ហណេត ដើម្បីពិភាក្សាគ្នាលើគម្រោង និងផែនការសកម្មភាពក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារនៅក្នុងតំបន់អាស៊ាន សំដៅរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពការងាររបស់អាស៊ានអូស្ហណេត ឆ្នាំ២០១៦-២០២២។

អង្គប្រជុំទាំងមូលបានចូលរូមយ៉ាងសកម្ម និងផ្តល់នូវធាតុចូលសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងក្របខណ្ឌអាស៊ាន ដូចជាការបណ្ដុះបណ្ដាល ការសិក្សាស្រាវជ្រាវ ស្ដង់ដារ អធិការកិច្ចការងារ ព័ត៌មាន ក្របខ័ណ្ឌសុខភាព និងសុវត្ថិភាពការងារជាតិ សហគ្រាសធុនតូច និងមធ្យម និងកន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាងនេះទៅទៀត ការប្តេជ្ញាចិត្តរបស់សមាជិកអាស៊ានអូស្ហណេតក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីខាងការងារអាស៊ាន ស្តីពីសុខភាព និងសុវត្ថិភាពការងារ។

នៅក្នុងមតិបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ របស់អាស៊ានអូស្ហណេត លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ និងជាប្រធាននៃកិច្ចប្រជុំ បានថ្លែងអំណរគុណដល់ប្រតិភូនៃបណ្តាប្រទេសអាស៊ានទាំងអស់ និងប្រតិភូនៃអង្គការដៃគូរអាស៊ានដែលបានចូលរួមពិភាក្សាយ៉ាងសកម្ម និងចែករំលែកនូវបទពិសោធន៍ល្អៗផ្នែកសុខភាព និងសុវត្ថិភាពការងារ សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងតំបន់អាស៊ាន។
គូរបញ្ជាក់ផងដែរ ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើក២០របស់គណៈសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន និងកម្មវិធីពាក់ព័ន្ធបន្ទាប់ពីប្រទេសកម្ពុជានៅឆ្នាំ២០១៩៕