(បន្ទាយមានជ័យ​)៖​ ខ្សែរថភ្លើងដឹកអ្នក​ដំណើរពីប៉ោយប៉ែត​ ទៅសិរីសោភ័ណ​ និងត្រឡប់ពី​សិរីសោភ័ណ​ មកប៉ោយប៉ែត​ ដែលខកខានដំណេីរការរយៈពេលជាង៤០ឆ្នាំដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនោះ ត្រូវបាន​បើកឲ្យ​​​ដំណើការ​ជាផ្លូវការឡើងវិញហើយ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ។ ជាមួយការដាក់ឲ្យដំណេីរការឡេីងវិញ ប្រជាពលរដ្ឋត្រូវបានអុញ្ញាតឲ្យជិះ ដោយឥតគិតថ្លៃ​រយៈពេល៤ខែ ពោលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ខាងមុខ។

ការដាក់ឲ្យដំណើរការជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋ​​មន្ត្រី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន និងមានការចូលរួមពីលោក ​លី​ សារី​ អភិបាលរងខេត្ត,​ លោក សាន​ ស៊ានហូ​ អភិបាលក្រុងប៉ោយប៉ែត​ និង​មន្ត្រី​រាជការ​ ប្រជាពលរដ្ឋ​ប្រមាណ២០០នាក់។​

ចំណងដៃនៃសមិទ្ធផលថ្មីចំខួប៦៨ឆ្នាំរបស់នាយរដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្នជិះដោយ មួយថ្ងៃ​ធ្វេីដំណេីរ ៣ជុំ ស្មើនឹង​៦ជើងទៅមក និងអនុញ្ញាតឲ្យផ្ទុកមនុស្សបានចំនួន​១០០នាក់។​

ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែង៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡេីងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២។ ជាអកុសលផ្លូវដែកពីសិរីសោភ័ណ-ប៉ោយប៉ែត ត្រូវបំផ្លិចបំផ្លាញនឹងកាត់ផ្តាច់ទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក​នាឆ្នាំ១៩៧៣ ក្នុងសម័យ លន់ ណុល​។

ក្រោយភ្លេីងសង្រ្គាមបានបិទបញ្ចប់ទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការស្តារ និងសាងសង់ឡើងវិញនូវផ្លូវដែកនេះ ដេីម្បីបំពេញតម្រូវការដឹកជញ្ជូនស្របពេលកម្ពុជាមានកំណេីនសេដ្ឋកិច្ចខ្លាំង។

បេីតាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការស្តារ និងសាងសង់ឡេីងវិញកំណាត់ផ្លូវដែកនេះចែកចេញជាពីរដំណាក់កាល។

ដំណាក់កាលទីមួយ នៅឆ្នាំ២០០៩ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការស្តារ និងសាងសង់ផ្លូវដែកនេះឡើងវិញប្រវែង​៤២គីឡូម៉ែត្រ ចំណាយថវិកា​អស់ ១៣លានដុល្លាសហរដ្ឋអាមេរិច ក្រោមឥណទាន​ADB។

ដំណាក់កាលទីពីរ ​នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការស្តារ និងសាងសង់ផ្លូវដែកនេះម្តងទៀត ដែលក្នុងនោះបានធ្វើការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ប្រវែង ៦.៥គីឡូម៉ែត្រ និងពង្រីកផ្លូវដែក-ស្ពាន​ ថែមទាំងមានបំពាក់ផ្លាកសញ្ញាសុវត្ថិភាពស័្វយប្រវត្តិ និងធ្វើផ្លូវឆ្លងកាត់ផងដែរ​។ ដំណាក់កាលទីពីរនេះ បានចំណាយថវិកាអស់ប្រមាណ ៨.៦​លានដុល្លាសហរដ្ឋអាមេរិច ដែលជាថវិកាជាតិ។

លោក ស៊ុន ចាន់ថុល ថ្លែងថា ផ្លូវដែកដែលស្តារ និងសាងសង់ថ្មីនេះ ផ្តោតសំខាន់ ដល់ការដឹកជញ្ជូនគ្រប់រូបភាព ការធ្វើសមាហរន្តកម្មផ្ទៃក្នុង ជាពិសេសគឺការធ្វើសមាហរន្តកម្មក្នុងតំបន់ ដោយតភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន៕