(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនអតីតយុទ្ធជន ចំនួន១៧៨នាក់ ដែលរៀបចំឡើងនៅសាលប្រជុំ សាលាស្រុកថាឡាបរិវ៉ាត់។
លោកអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានអញ្ជើញចូលរួមក្នុងឱកាសនោះ។
លោក ម៉ុម សារឿន បានគូសបញ្ជាក់ថា ភាពសុខសាន្ត និងសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺបានមកពីការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន ហើយបើគ្មានការលះបង់របស់ពួកគាត់ទេ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចរស់នៅបានសុខសម្បូរសប្បាយដូចពេលបច្ចុប្បន្ននេះឡើយ។
សូមបញ្ជាក់ថា ដើម្បីតបស្នងសងនូវគុណូបការៈ ចំពោះគំរូវីរភាពរបស់អតីតយុទ្ធជនដែលបានធ្វើពលីកម្មសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរជានិច្ច តាមរយៈការផ្តល់ដី និងធ្វើផ្ទះសម្រាប់បងប្អូនអតីតយុទ្ធជនរស់នៅបានសមរម្យ។ លើសពីនេះ ដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងនេះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជទានមេដាយការពារជាតិជូនពួកគាត់ថែមទៀតផង។
ជាមួយគ្នានេះ លោកអភិបាល បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចំនួន១៧៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល៕