(ក្រចេះ)៖ សំណុំរឿងដ៏ល្បីកាត់ទឹកដីកម្ពុជាមានខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម បានផ្ទុះឡើងកាន់តែខ្លាំងឡើងហើយ បន្ទាប់ពីបែកធ្លាយនូវវីដេអូលួចចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុនរវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា។

នៅពេលនេះប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានខេត្តក្រចេះ ដែលជាខេត្តក្នុងចំណោមខេត្ត៤ ដែលត្រូវលោក សម រង្ស៊ី​ ចុះហត្ថលេខា មិនសប្បាយចិត្តទាល់តែសោះ នៅពេលដែលដឹងថា លោក សម រង្ស៊ី បានលួចចុះកិច្ចព្រមព្រៀង​កាត់ទឹកដីដែលពួកគាត់រស់នៅ ទៅឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតេញ៉ា។ ពលរដ្ឋទាំងនោះបានសម្តែង ការខឹងសម្បារចំពោះលោក សម រង្ស៊ី ដែលហ៊ានប្រព្រឹត្តទង្វើក្បត់ជាតិ ​និងក្បត់ប្រជាជន ដោយគ្មានការអៀនខ្មាស់។

ស្រ្តីម្នាក់ឈ្មោះ មាស ណែត វ័យជាង៥០ឆ្នាំ ភូមិត្រពាំងព្រីង ស្រុកក្រចេះ ខេត្តក្រចេះ បានថ្លែងប្រាប់ក្រុមការងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្នកស្រីពិតជាឈឺចាប់ណាស់ ដែលមេដឹកនាំនយោបាយខ្មែរ បែរជាកាត់ទឹកដីរបស់ខ្លួនទៅជនជាតិផ្សេងនោះ។ លោកស្រីក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលហ៊ានលួចទៅចុះកិច្ចព្រមព្រៀងជាមួយលោក កុក ស មេជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតេញ៉ា ដើម្បីកាត់ទឹកដីខ្មែរ។

ស្រ្តីជាអាជីវករលក់ឥវ៉ាន់ចាប់ហួយដដែលឈ្មោះ មាស ណែត ក៏បានសម្តែងការឈឺចាប់ដូចគ្នា បាននិយាយថា លោក សម រង្ស៊ី មិនសមក្លាយជាអ្នកដឹកនាំគណបក្ស នយោបាយនោះឡើយ។ លោកស្រី បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំក្តៅក្រហាយ ខ្ញុំឈឺចាប់ណាស់។ ខ្ញុំក៏មិនចង់ឱ្យ សម រង្ស៊ី មកកាន់អំណាចដែរ ព្រោះសម្តេចតេជោ គាត់តស៊ូណាស់ដើម្បីទឹកដី។ ខ្ញុំឈឺចាប់ណាស់ ខ្ញុំអត់មានគាំទ្រ សម រង្ស៊ី និង កឹម សុខា ទេខ្ញុំស្អប់ជាទីបំផុត»។

លោកស្រី បានបន្តថា ជនជាតិភាគតិចមុងតាញ៉ានេះ មិនមែនជាជនជាតិភាគតិចកម្ពុជានោះទេ គឺជាជនជាតិភាគតិចវៀតណាម ដែលមិនសមឱ្យអ្នកនយោបាយ ផ្តល់ដែនអធិបតេយ្យខ្មែរទៅឱ្យពួកគេទេ។ លោកស្រី បានស្នើឱ្យតុលាការដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារមួយជីវិត ព្រោះការកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិដទៃ គឺជារឿងឃោរឃៅសម្រាប់ជាតិសាសន៍ឯង។ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ លោកស្រីនឹងចេញមុខប្រឆាំងនឹងលោក សម រង្ស៊ី ហើយមិនគាំទ្រឱ្យជននេះ ធ្វើនយោបាយនៅកម្ពុជាទៀតឡើយ។ លោកស្រីបានបន្តទៀតថា លោកស្រី ស៊ូស្លាប់រស់ជាមួយសម្តេចតេជោ ដើម្បីប្រឆាំងនឹងជនក្បត់ជាតិសមរង្ស៊ី។

សូមជំរាបថា នៅក្នុងវីដេអូលួចចុះកិច្ចសន្យានោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី, លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ទឹកដីឲ្យបរទេស គឺជាបទឧក្រិដ្ឋ ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។ លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅក្នុងជំពូកទី២ អំពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារមួយជីវិតផងដែរ។

បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាងដូច្នេះថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត»៕