(សៀមរាប)៖ ក្រសួងការងារបានឲ្យដឹងថាគណៈកម្មការសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារ (ASEAN-OSHNET) បានពិនិត្យដោយផ្អែកលើឯកសារលក្ខខណ្ឌវិនិច្ឆ័យ របស់អាស៊ានអូស្ហណេត ដែលមានសហគ្រាសចំនួន ១៩ មកពីប្រទេសអាស៊ានចំនួន៩ (កម្ពុជាមាន២សហគ្រាស) បានទទួលជ័យលាភីជាសហគ្រាសអនុវត្តតាមគោលការណ៍សុខភាព និងសុវត្ថិភាពការងារអាស៊ានបានល្អ និងល្អឥតខ្ចោះ។

ពិធីផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះ ជាកម្មវិធីមួយដែលរៀបចំឡើងដោយប្រទេសសមាជិកអាស៊ានអូស្ហណេតជារៀងរាល់ ០២ឆ្នាំម្តង ក្នុងគោលបំណង ដើម្បីបង្ហាញការទទួលស្គាល់ និងផ្តល់រង្វាន់ដល់សហគ្រាស ដែលមានសមិទ្ធផលការងារដ៏ល្អប្រសើរលើផ្នែកសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត លើវិស័យសុខភាព និងសុវត្ថិភាពការងារ ដែលនឹងរួមចំណែកបង្កើតរូបភាពជាវេជ្ជមានសម្រាប់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន។

ពិធីផ្តល់ពានរង្វាន់ដល់សហគ្រាសនេះ ផ្អែកលើឯកសារលក្ខណ:វិនិច្ឆ័យដែលអនុម័ត ដោយអាស៊ានអូស្ហណេត និងឆ្លងកាត់ការជ្រើសរើសដោយប្រទេសសមាជិកអាស៊ាន ដែលសហគ្រាស គ្រឹះស្ថានត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
* មានប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ (ការគ្រប់គ្រងគ្រោះថ្នាក់ការងារដោយគ្មានគ្រោះថ្នាក់ការងារ និងស្លាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយ)។
* មានកម្មវិធីសុខភាពការងារនៅកន្លែងធ្វើការ។
* អនុវត្តតាមច្បាប់ស្តីពីការងារ និងបទប្បញ្ញតិ្តស្តីពីសុខភាព និងសុវត្ថិភាពការងារនៃបណ្តាប្រទេសសមាជិកអាស៊ាន (គ្មានការផាកពិន័យដោយតុលាការ ក្នុងរយៈពេល២ឆ្នាំចុងក្រោយ)។
* មានភាពប្រាកដប្រជា និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ព្រមទាំងមានការចូលរួមរបស់កម្មករនិយោជិត។
* ការបន្ថែមម៉ោងធ្វើការប្រកបដោយនិរន្តភាព (ត្រូវមានគម្រាង និងផែនការច្បាស់លាស់ក្នុងការបន្ថែមម៉ោងធ្វើការ)។
* ការផ្លាស់ប៉ុស្តិ៍ការងារ (ការផ្តល់ព័ត៌មានអំពីសក្តានុពលភាពនៃប៉ុស្តិ៍ការងារថ្មី បរិយាកាសការងារ និងការទទួលខុសត្រូវ)។

ប្រទេសនីមួយៗ នៃសមាជិកអាស៊ានទទួលបានពានរង្វាន់ចំនួន២ជ័យលាភី ជ័យលាភីទី១៖ផ្តល់ជូនដល់សហគ្រាសដែលមានស្នាដៃល្អ និងជ័យលាភីទី២៖ផ្តល់ជូនដល់សហគ្រាសដែលមានស្នាដៃល្អឥតខ្ចោះ ក្នុងការអនុវត្តសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

នេះជាលើកទី២ហើយ ដែលពិធីផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ានដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំនារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ដោយមានសហគ្រាសដែលទទួលជ័យលាភីសរុបចំនួន១៩ មកពីបណ្តាប្រទេសអាស៊ាន រួមទាំងសហគ្រាសចំនូន២ តំណាងប្រទេសកម្ពុជា និងមានអ្នកចូលរួមក្នុងកម្មវិធីសរុបចំនួនជាង ១០០នាក់ ដែលតួលេខនេះ មានការកើនឡើងបើធៀបនឹងពិធីផ្តល់ពានរង្វាន់លើកទី១ នៅប្រទេសវៀតណាម៕

លោក Dato' Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានលើកឡើងថា សុខភាព និងសុវត្ថិភាពការងារ ត្រូវបានលើកកម្ពស់នៅក្នុងប្រទេសអាស៊ាន ក៏ដូចជាកម្មករនិយោជិតអាស៊ានផងដែរ ក្នុងនោះ លោក អគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីសមិទ្ធផលការងាររបស់បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) កន្លងមក ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកអាស៊ានអូស្ហណេត បានបន្តសកម្មភាពយ៉ាងសកម្មក្នុងការអនុវត្តសេចក្តីថ្លែងការរួមដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រីខាងការងារអាស៊ាន ដើម្បីជំរុញវិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងតំបន់។

នាឱកាសពិធីផ្តល់ពានរង្វាន់លើកទី២ នៃបណ្តាញសុខភាព និងសុវត្ថិភាពនេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ថ្ងៃនេះជាគឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតរបស់សមាជិកអាស៊ាន ដែលបានប្តេជ្ញាចិត្តក្នុងការការពារសុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ និងជាឱកាសល្អក្នុងការផ្តល់ពានរង្វាន់ដល់សហគ្រាស គ្រឹះស្ថានដែលបានអនុវត្តល្អ និងល្អឥតខ្ចោះ ដើម្បីលើកកម្ពស់ និងបន្តនិរន្តរភាពនៃការអនុវត្តសុវត្ថិភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនាពេលអនាគត។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថាសុខភាព និងសុវត្ថិភាពការងារ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត កំណើនផលិតកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបង្កើតនូវកេរ្តិ៍ឈ្មោះរបស់សហគ្រាស គ្រឹះស្ថានផងដែរ»។

ចំណុចនេះ លោករដ្ឋមន្ត្រី សូមរំឭកដល់អង្គពិធីទាំងមូលថា សុខភាព និងសុវត្ថិភាពការងារ គឺមិនអាចចរចាបានទេ ដែលយើងទាំងអស់គ្នាត្រូវមានទំនួលខុសត្រូវ ដើម្បីធានាសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ៕