(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាននាំយកគ្រឿងឥស្សរិយយស Padma Shri មកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈពីប្រធានាធិបតីឥណ្ឌា។

ការអញ្ជើញមកដល់របស់លោក ហ៊ុន ម៉ានី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងស្ថាប័នព័ត៌មានជាច្រើន បាននាំគ្នាស្វាគមន៍ចំពោះការមកដល់ និងការទទួលបានគ្រឿងឥស្សរិយយស Padma Shri ពីប្រធានាធិបតីឥណ្ឌា។​

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី បានបង្ហោះរូបភាពនៃការទទួលគ្រឿងឥស្សរិយយស Padma Shri នៅប្រទេសឥណ្ឌាថា លោកឈរទទួលបានពានរង្វាន់នេះ គឺតំណាងឲ្យប្រទេសកម្ពុជា និងជាមោទនភាពមួយរបស់កម្ពុជា។ ពិធីប្រគល់ពានរង្វាន់នេះ មានការចូលរួមពីលោកប្រធានាធិបតីឥណ្ឌា និងមន្ត្រីជាន់ខ្ពស់ឥណ្ឌាជាច្រើនរូប ជាអនុប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ធ្វើជាសាក្សីផងដែរ៕