(ភ្នំពេញ)៖ ពីលើវេទិកាក្នុងពិធីពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល និងថ្នាក់ដឹកនាំកីឡាសរុបជិត ៤ពាន់នាក់ នៅរាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរដល់កីឡាករមួយចំនួនដែលប្រើសេចក្តីថ្លៃថ្នូរជាកីឡាករក្នុងការទទួលយកលទ្ធផលបើទោះបីរូបគេប្រកួតចាញ់ក៏ដោយនោះ។ តែសម្តេចក៏មានការអាក់អន់ចិត្តចំពោះកីឡាករមួយចំនួនធ្វើរឹកឆ្មើងកន្ត្រើងនៅពេលគេប្រកួតចាញ់គូប្រកួត ដែលជាកាយវិការមិនចង់ទទួលយកនូវលទ្ធផលនៃការប្រកួតនោះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេចធ្លាប់បានឧបត្ថម្ភថវិការហូតដល់ទៅ ៣ពាន់ដុល្លារដល់កីឡាករប្រដាល់របស់ខ្មែរម្នាក់ ដែលគេបានប្រើកាយវិការប្រកបដោយភាពថ្លៃថ្នូរ ពោលបើទោះបីរូបគេត្រូវប្រកួតចាញ់កីឡាករថៃក៏ដោយ ក៏គេព្រមទទួលយកលទ្ធផលហើយចូលរួមអបអរសាទរជាមួយកីឡាករថៃថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ប៉ុន្តែខ្ញុំក៏មានការខកចិត្តចំពោះកីឡាករខ្លះ នៅពេលអាជ្ញាកណ្តាលប្រកាសលទ្ធផលរួចហើយនោះ បែរជាឆ្មើងកន្ត្រើងហើយទឹកមុខមិនទទួលយកនូវលទ្ធផលដែលអាជ្ញាកណ្តាលបានផ្តល់។ ខ្ញុំអំពាវនាវនៅទីនេះទៅកាន់កីឡាទាំងឡាយនៅពេលអាជ្ញាកណ្តាលផ្តល់លទ្ធផលបែបណាត្រូវទទួលយក»។
គេនៅចាំបានថា កាលពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ អតីតគណបក្សសង្គ្រោះជាតិដែលទទួលបាន ៥៥អាសនៈមិនព្រមទទួលស្គាល់លទ្ធផលនេះឡើយ ហើយបានកៀរគរអ្នកគាំទ្រខ្លួនដើរតវ៉ា និងធ្វើបាតុកម្មអស់រយៈពេលជិតមួយឆ្នាំ ទើបពួកគេព្រមចូលរដ្ឋសភា។
ក្នុងជំនួបពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនីដែលជាឆ្នាំទី៣នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡាការទាំងអស់ មិនត្រូវធ្វើចរិតដូចគណបក្សនយោបាយមួយចំនួន ទំនងជាសម្តៅដល់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនព្រមទទួលយកលទ្ធផលពេលដឹងថាខ្លួនចាញ់ ហើយបែរជាធ្វើសកម្មភាពបំផ្លាញជាតិទៅវិញ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «រឿងនេះវាមិនខុសពីការបោះឆ្នោតទេ នៅពេលណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលអំពីបក្សនយោបាយណាឈ្នះ បក្សនយោបាយណាចាញ់គឺច្បាស់ជាគេគោរពទៅតាមណុងហើយ។ សង្ឃឹមថា កីឡារបស់យើងមិនធ្វើតាមអ្នកនយោបាយមួយចំនួនបំផ្លាញចោលនូវលទ្ធផល ហើយមិនត្រឹមតែបំផ្លាញចោលនូវលទ្ធផលនៃការបោះឆ្នោតទេ។ ក៏ប៉ុន្តែគេបានឈានទៅបំផ្លាញប្រទេសជាតិតាមរយៈការធ្វើឲ្យមនុស្សស្លាប់ តាមរយៈការតវ៉ាដទៃទៀត ដែលបំផ្លាញដល់សណ្តាប់ធ្នាប់ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិរបស់យើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតដាក់ផ្លែឲ្យមនុស្សចំនួនដែលបានប្រដូចសម្តេចទៅនឹងកីឡាករអេភូថងថាជាកីឡាករអត់គូប្រកួតផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កីឡាករដែលត្រូវប្រកួតជាមួយកីឡាករអេភូថងនោះ បានជួបគ្រោះថ្នាក់ចរាចរស្លាប់បាត់ទៅហើយ។
បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញនូវភាពសប្បាយរីករាយផងដែរ ដែលវិស័យកីឡាកំពុងតែក្លាយជាចលនាជាតិមួយហើយត្រូវបានយកចិត្តទុកដាក់តាំងពីកម្រិតថ្នាក់បឋមសិក្សារហូតដល់គ្រឹះស្ថានឧត្តមសិក្សាទាំងវិស័យរដ្ឋ និងឯកជន។ សម្តេចតេជោ ក៏បានអំពាវនាវដល់កីឡាករ កីឡាការិនីត្រូវពង្រឹងសមត្ថភាពត្រៀមខ្លួនឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕