(សៀមរាប)៖ ក្រុមការងារ នៃគណៈកម្មការសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ ជាមន្ត្រីរាជការកំពុងរៀបចំលក្ខណៈវិនិច្ឆ័យ សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃកម្រិតជំនាញ សមត្ថភាព បទពិសោធន៍ និងអតីតភាពការងាររបស់បុគ្គលិកអចិន្ត្រៃយ៍ របស់អាជ្ញាធរជាតិអប្សរា។
ជាក់ស្តែងនាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ លោក ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទាល់ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានា ព្រមទាំងជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយបុគ្គលិកអចិន្ត្រៃយ៍ទាំងនោះ។
តាមការបញ្ជាក់ពីលោក ជុក មុន្នី ការជួបប្រាស្រ័យផ្ទាល់ជាមួយបុគ្គលិកអចិន្ត្រៃយ៍ពាក់ព័ន្ធទាំងអស់ គឺមានសារសំខាន់ណាស់ ព្រោះចាំបាច់ត្រូវតែអនុវត្តការងារប្រកបដោយតម្លាភាព ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ ហើយអ្នកត្រូវចូលជាមន្ត្រីរាជការស៊ីវិល អ្នកនោះត្រូវតែបំពេញនូវរាល់គ្រប់លក្ខណៈទាំងអស់ ដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
សូមបញ្ជាក់ថា គណៈកម្មការនេះ មានសមាសភាពចម្រុះមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ហើយបានបង្កើតឡើងតាំងពីថ្ងៃថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ៕