(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) ធ្វើកំណាយសង្គ្រោះបុរាណដ្ឋានមួយកន្លែងនៅលើភ្នំគូលែន ដែលគ្រោងនឹងធ្វើផ្លូវឆ្លងកាត់លើកន្លែងនោះ។
គម្រោងកំណាយនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីឱ្យដឹងថាកន្លែងបុរាណដ្ឋាននោះ ជាកន្លែងអ្វីតាមការពើបប្រទះឃើញថ្មបាយក្រៀម ដែលផុសឡើង ហើយចងក្រងទិន្នន័យពីបុរាណដ្ឋាននោះ រក្សាទុកជាឯកសារសម្រាប់សិក្សាទៅថ្ងៃក្រោយ មុននឹងចាប់ផ្តើមសាងសង់ផ្លូវ។
លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យាន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះ ត្រូវបានអ្នកជំនាញសិក្សាតាំងពីឆ្នាំ២០១៦ ហើយទើបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៨។ ចំពោះផ្លូវដែលកំពុងស្ថាបនានេះ មានទទឹងប្រវែង ៦ម៉ែត្រ និងបណ្ដោយ ៣២គីឡូម៉ែត្រ ដោយគិតចាប់ពីជើងភ្នំស្រុកបន្ទាយស្រី មកដល់ទីប្រជុំស្រុកស្វាយដោយប្រើប្រាស់ថវិកាមូលនិធិអភិរក្ស និងអភិវឌ្ឍតំបន់អង្គរ។
ចំពោះការសាងសង់ផ្លូវទៀតសោត គឺសាងសង់នៅលើផ្លូវចាស់មានស្រាប់ ពោលគឺផ្លូវដែលប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ប្រើប្រាស់តាំងពីយូរយាណាស់មកហើយ។ នៅមុនគម្រោងត្រូវបានអនុវត្តអ្នកបុរាណវិទ្យា បានចុះសិក្សាអំពីផលប៉ះពាល់ដល់ផ្នែកវប្បធម៌ប្រវត្តិសាស្រ្ត ឃើញមានចំនួន៤កន្លែង ក្នុងនោះ៣ទីតាំង យើងសាងសង់ផ្លូវវាងបាន លើកលែងតែចំណុចដែលកំពុងធ្វើកំណាយសង្រ្គោះនេះ ជាទីតាំងដែលយើងមិនអាចធ្វើផ្លូវវាងបាន ដូច្នេះហើយតាមការចុះទៅពិនិត្យផ្ទាល់ពីអ្នកជំនាញការអាដហុក និងអនុសាសន៍នៃគណៈកម្មការអាយស៊ីស៊ី-អង្គរ ឆ្នាំ២០១៧ បានសម្រេចឱ្យធ្វើកំណាយសង្គ្រោះសិន មុននឹងធ្វើការសាងសង់ផ្លូវថ្មីនេះ ដើម្បីធ្វើយ៉ាងណាបញ្ជៀសនូវផលប៉ះពាល់ឱ្យបានជាអតិបរមា។
លោក ឈាន រដ្ឋា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានមន្ទិលភ្ញាក់ផ្អើលចំពោះការធ្វើកំណាយសង្រ្គោះបែបបុរាណវិទ្យា ដោយស្ថាប័នទាំងពីរ។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរានឹងខិតខំអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ នៅលើខ្នងភ្នំគូលែន ដើម្បីឱ្យបេតិកភណ្ឌទាំងនោះ ទទួលបាននូវការគាំពារ និងអភិរក្សពិតប្រាកដ រួមទាំងចូលរួមលើកតម្លៃសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍។
ជាពិសេសទៀតនោះ លោកបានបញ្ជាក់បន្ថែមថា ភ្នំគូលែន គឺជារមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្ត និងធម្មជាតិ ហើយនឹងអាចក្លាយជាសម្បតិ្តបេតិកភណ្ឌពិភពលោក នាពេលអនាគត ដូច្នេះដើម្បីឱ្យរមណីយដ្ឋានអាចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន សូមប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌ និងធម្មជាតិទាំងអស់គ្នាឱ្យរក្សាបាននូវតម្លៃជាសាកល ដែលជាភាពអស្ចារ្យនៃភ្នំគូលែន៕