(ស្ទឹងត្រែង)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ដែលកំពុងឈរជើងការពារតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ខាងមុខនេះ។

ពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះ ក៏មានអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង និងប្រតិភូនៃក្រសួងមហាផ្ទៃ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ព្រមទាំងកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ជាច្រើនរយនាក់។

នៅក្នុងឱកាសនោះ លោក ប៉ាវ ហមផាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងនូវការកោតសរសើរដល់វីរៈភាពពុះពារការលំបាក ខិតខំសម្រេចភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកដល់ការកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាមួយ និងការពារយ៉ាងខ្ជាប់ខ្ជួននូវបូរណភាពដឹកដី និងអធិបតេយ្យភាពជាតិ។

លោករដ្ឋលេខាធិការ បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ឲ្យរួមគ្នាថែរក្សាការពារឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ សំដៅបង្កនូវបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ត្រូវបង្កើនកិច្ចបង្ការការពារទប់ស្កាត់មិនឱ្យកើតមានឡើងជាដាច់ខាតនូវក្រុមជ្រុលនិយម ឬសកម្មភាពណាមួយ នាំឱ្យមានភាពវឹកវរក្នុងសង្គមជាតិ មានចរិតបំផ្លាញសន្តិភាព ដែលបានស្វែងរកមកដោយលំបាកបំផុត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពរឹងមាំ ប្រជាពលរដ្ឋរស់នៅក្នុងសិទ្ធិសេរីភាពពេញលេញ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។

ជាមួយគ្នានេះ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ជូនវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ក្នុងនោះរួមមាន៖ ថវិកាចំនួន ១៣លានរៀល, មី ៨០៥កេសតូច, ត្រីខ ៦៨កេស, ទឹកសុទ្ធ ៦៨កេស, ប្រហុក ៤០គីឡូក្រាម និងជូនថវិកាដល់កម្លាំងនគរបាលការពារព្រំដែន ចំនួន ៦៤០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល៕