(ភ្នំពេញ)៖ បន្ទាប់ពីព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់តែ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ចំនួន២បទគឺបទល្មើស៖ ឃាតកម្ម និងលាក់បាំងតម្រុយ, ដោយនៅពេលនេះព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរលោក ខូយ សៅ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទទាំង៤នាក់។
មន្រ្តីជាន់ខ្ពស់តុលាការក្រុងភ្នំពេញ និងជាអ្នកនាំពាក្យ លោក លី សុផាណា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «ជនជាប់ចោទទាំង៤នាក់ ពាក់ព័ន្ធករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ត្រូវបានចៅក្រមសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយ»។
ជនត្រូវចោទទាំង៤នាក់ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនរួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។
មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា មនុស្ស២នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា៖
មាត្រា១៩៩៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។
មាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកនលែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕