(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ពិសាបាយសាមគ្គី និងដោះស្រាយបញ្ហាប្រឈម ប្រកបដោយភាពស្និតស្នាល និងកក់ក្តៅ ជាមួយបងប្អូនសមាជិកក្រុមគ្រួសារម៉ូតូឌុបទាំង៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ ចំនួន៩១៩នាក់ ក្នុងនោះស្រី១៤នាក់ ជាលើកទី៦ ចន្លោះពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះលោក ម៉ៅ ធនិន ក៏បានលើកឡើងថា បងប្អូនដែលមានមុខរបររត់ម៉ូតូឌុប ទាំងអាជីពក្តី អត់អាជីពក្តី គឺសុទ្ធតែជាធនធានមនុស្ស ដ៏មានសារៈសំខាន់ ព្រោះថាអ្នកទាំងនោះ ធ្វើដំណើរគ្រប់ច្រកល្ហករាល់ថ្ងៃអាចដឹងព័ត៌មាន ពីមូលដ្ឋានច្រើន ជាពិសេសក្តាប់ការងារសន្តិសុខ និងការអភិវឌ្ឍន៍ ដែលមានបញ្ហាប្រឈម ផ្តល់ជូនឱ្យអាជ្ញាធរបានដឹង និងចុះទៅដោះស្រាយឱ្យបានទាន់ពេលវេលា។ ហើយចាប់ពីពេលនេះ តទៅយើងមានគ្រួសារតែមួយគត់ ក្រោមឆ័ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរដោយស្មោះ ចំពោះបងប្អូនដែលមានមុខរបរ រកស៊ីទទួលទានដោយម៉ូតូឌុប ទាំង៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ ដែលបានខិតខំរកស៊ីទទួលទាន សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពសុខសាន្ត និងសុច្ចរិត។ លោកអភិបាលខេត្តបានថ្លែងថា ចាប់ពីពេលនេះតទៅ យើងមានគ្រួសារតែមួយគត់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ក៏មានភ័ព្វសំណាងណាស់ ដែលទទួលបាននូវសមិទ្ធិផល ជាច្រើនពីរាជរដ្ឋាភិបាល ដូចជាទំនប់ទី៣ ទី៥ និងទំនប់ធារាស្ត្រជាច្រើនកន្លែង, ផ្លូវជាតិលេខ៥៥, ផ្លូវក្រាលកៅស៊ូជនបទ១០ខ្សែ ស្មើនឹង១២៥,៥គីឡូម៉ែត្រ និងនាពេលថ្មីៗនេះនឹងទទួលបានទំនប់បង្ហៀរក្បាលហុង ភ្លើងស្តុប ភ្លើងបំភ្លឺផ្លូវ ផ្លូវថ្មើរជើងជាប់មាត់ស្ទឹង...។

ក្នុងនាមមហាមេគ្រួសារ លោកក៏បានសំណូមពរទៅដល់បងប្អូន មានមុខរបររត់ម៉ូតូឌុប និងម៉ូតូកង់៣ នៅក្នុងក្រុងពោធិ៍សាត់ ត្រូវខិតខំប្រឹងប្រែង តស៊ូ ព្យាយាម អត់ធ្មត់ចេះរួបរួមសាមគ្គីជួយគ្នាទៅវិញទៅមកកុំឱ្យមានការថ្នាំងថ្នាក់ ដែលនាំឱ្យមានការប៉ះពាល់ដល់ការរកទទួលទាន ប៉ះពាល់ដល់សង្គម។ បើមានករណីកើតឡើង សូមរាយការណ៍ ឬទូរស័ព្ទមកលោកជាមេមហាគ្រួសារជាបន្ទាន់ដើម្បីរួមគ្នាធ្វើការសម្របសម្រួល និងដោះស្រាយភ្លាមៗ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានដោះស្រាយជូនតាមសំណើ របស់សមាជិកគ្រួសាម៉ូតូឌុប ដែលមានចំនួន៣៦ករណី និងបានចែកជូនអាវ ឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ម្នាក់ ទទួលបានសារុង១ និងបានពិសាបាយសាមគ្គីមួយពេលយ៉ាងសប្បាយរីករាយ និងកក់ក្តៅបំផុត ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ បន្ថែមពីនោះ លោកក៏បានប្រកាស សុំផ្តល់លទ្ធភាពចំពោះអ្នករត់ម៉ូតូកង់៣ ដែលពិការជើង៦នាក់ និងស្ត្រីរត់ម៉ូតូឌុប ១៤នាក់ ដែលមានកូនក្នុងបន្ទុកចាប់ពី១ ដល់៤នាក់ ជូនអង្ករប្រចាំ ខែចំនួន២០គីឡូក្រាម ដោយឡែកអ្នកដែលមានកូនក្នុងបន្ទុក ចាប់ពី៤ឡើងទៅជូនអង្ករប្រចាំខែចំនួន៣០គីឡូក្រាម ប្រកបដោយស្មារតីសាមគ្គី និងស្រឡាញ់គ្នាផងដែរ៕