(សៀមរាប)៖ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី និងលោក ឃឹម ប៊ុនសុង និងលោកស្រី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូន កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ នៃកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល និងកងទ័ពប្រចាំសមរភូមិមុខយោធភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។
ថ្លែងក្នុងសំណេះសំណាលជាមួយនាយទាហាន និងពលទាហាន ក្នុងឱកាសប្រជាជនកម្ពុជារៀបចំទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ខាងមុខ លោក ឃឹម ប៊ុនសុង ក៏បាននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អគ្គបញ្ជាការតែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ អំពីសុខភាព និងជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទ។
លោក ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព។ ម៉្យាងទៀតទោះបីស្ថានការណ៍នៅតាមបណ្តោយ ព្រំដែនកម្ពុជា ថៃ បានវិលមករកដូចសភាពដើមក៏ដោយ បងប្អូនទាំងអស់ ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និងធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង។
ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់នៃ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកងទ័ពដែលបានកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជា ទាំងជីវភាពរស់នៅ និងសុខភាព។
អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ៤០កេស មី៤០កេស មាន់២០ក្បាល ជ្រូក១ក្បាល ថវិកា ៥លានរៀល, អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន២៣មុខ និងថវិកាសរុប៦លានរៀល ក្នុងនោះបានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ។ ដោយឡែកងពលតូចអន្តរាគមន៍លេខ៥ គណៈអភិបាលខេត្តសៀមរាប ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន១៨មុខ និងប្រេងម៉ាស៊ូត ១ពាន់លីត្រ, ស័ង្កសី៥០០សន្លឹក, តង់០១ផ្ទាំង, ពុយដាក់ប្រេង៥ និងថវិកា១០លានរៀល និងចែកជូនកងទ័ពម្នាក់ៗ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវស្រាបៀរ៥០កេស ថវិកា៥លានរៀលផងដែរ៕