(ប៉ៃលិន)៖ គេសង្កេតឃើញរយះប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធខេត្តប៉ៃលិន បានរៀបចំដាក់ភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ព្រមទាំងរៀបចំសម្អាតតាមទីសាធារណៈក្នុងខេត្ត ក្នុងគោលបំណងដើម្បីស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ដែលបានឆ្លងកាត់ខេត្ត និងមកលេងខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ។

លោក សោ សុវណ្ណ នាយករងរដ្ឋបាលខេត្តប៉ៃលិន បានថ្លែងថា ខេត្តប៉ៃលិនក្រោមការដឹកនាំរបស់លោក កើត សុធា ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យខេត្តមួយនេះ មានសោភ័ណភាពស្រស់ស្អាត មានអនាម័យល្អលេចធ្លោ ដើម្បីឈានទៅរកការប្រលងប្រណាំងទីក្រុងស្អាត និងសម្រាប់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលនិងជិតចូលមកដល់ នៅពេលខាងមុខនេះ។

លោក សោ សុវណ្ណ បានបន្តថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ អាជ្ញាធខេត្ត បានសហការជាមួយមន្ទីនានាជុំវិញខេត្ត បានបង្កើតឱ្យមានលេងល្បែង ប្រជាប្រិយខ្មែរមានរាំច្រៀងលេងកំសាន្ត ទាញព្រ័ត្ត លាក់កន្សែង ខ្លែងឆាបកូនមាន់ និងរបាំត្រុតជាដើម ដោយឡែកផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះអាជ្ញាធខេត្ត បានសហការជាមួយកងកម្លាំងទាំង៣ ក្នុងខេត្តដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋយើង ឱ្យបានត្រឹមត្រូវ។

ក្នុងនោះរដ្ឋាបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលែងសប្បាយរីករាយ ត្រូវរក្សាសណ្តាប់ធ្នាប់ល្អកុំបង្ក នូវភាពហិង្សាវាយតប់គ្នា ក្នុងការធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដែលបង្កជាអំពើហិង្សាក្នុងគ្រួសារផងដែរ។

សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ នឹងចូលមកដល់នៅពេលខាងមុខនោះដ៏ខ្លីនេះ។ ថ្ងៃទី១ គឺជាចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នឹងចូលមកដល់នៅថ្ងៃសៅរ៍១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៨ វេលាម៉ោង០៩៖១២នាទីព្រឹក (ជាវារៈមហាសង្ក្រាន្ត)។ ថ្ងៃទី២ គឺថ្ងៃអាទិត្យ១កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥មេសា គ.ស.២០១៨ ជាវារៈវន័បត និងទី៣៖ ថ្ងៃចន្ទ ២កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០១៨ នៅវេលាម៉ោង១២៖៥៩នាទី ២៤វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំច សំរឹទ្ធិស័ក៕